យេរ៉ូសាឡឹម ៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាអ៊ីស្រាអ៊ែល បានប្រកាសថា លោក Mohammed Deif មេដឹកនាំយោធា របស់ក្រុមហាម៉ាស់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលធ្វើឡើងកាលពីខែមុននៅតំបន់ Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។
តាមការបញ្ជាក់របស់យោធាថា ខ្លួនបានសម្លាប់លោក Deif ដែលករណីនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីការ សម្លាប់មេដឹកនាំ ក្រុមហាម៉ាស់ លោក Ismail Haniyeh នៅក្រុងតេហរ៉ង់ ដែលត្រូវបានប្រកាសដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហាម៉ាស់ ។
សេចក្តីថ្លែងការណ៍យោធាមួយបានដាក់ថា “កងទ័ពអ៊ីស្រាអ៊ែល ហៅកាត់ថា IDF បានប្រកាសថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ យន្តហោះចម្បាំង របស់កងទ័ព IDF បានវាយប្រហារនៅតំបន់ Khan Younis ហើយក្រោយពីការវាយតម្លៃ ពីក្រុមស៊ើបការណ៍ គេអាចបញ្ជាក់បានថា លោក Mohammed Deif ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះ” ។
យោធាបានបានបញ្ជាក់ថា “លោក Deif បានចាប់ផ្តើម រៀបចំផែនការ និងប្រតិបត្តិការ សម្លាប់រង្គាលថ្ងៃទី៧ ខែតុលា” យោធាបានលើកឡើង អំពីការវាយប្រហារ របស់ក្រុមហាម៉ាស មកលើតំបន់ភាគខាងត្បូង អ៊ីស្រាអ៊ែល ដែលបានបណ្តាល ឱ្យមនុស្សស្លាប់ចំនួន១.១៩៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា