ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ខ្លួនបញ្ចប់ការធ្វើសមយុទ្ធដែនទឹកទ្រង់ទ្រាយធំ នៅមហាសមុទ្រប៉ាស៊ីហ្វិក

xinhua

ម៉ូស្គូ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹករុស្ស៊ី បានបញ្ចប់សមយុទ្ធយោធាដ៏ទូលំទូលាយដែលពាក់ព័ន្ធនឹងកងនាវាចរបាល់ទិក តំបន់ភាគខាងជើង និងប៉ាស៊ីហ្វិក ក៏ដូចជានាវា Caspian Flotilla ផងដែរ ។


សេចក្តីថ្លែងការណ៍បានដាក់ថា ការអនុវត្តការងារហ្វឹកហ្វឺន និងប្រយុទ្ធតាមការចាត់តាំង នឹងត្រឡប់ទៅកាន់មូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញក្នុងពេលឆាប់ៗនេះ ហើយបានបញ្ជាក់ថា “អង្គភាព និងទម្រង់នៃកងនាវាចររបស់រុស្ស៊ី ដែលបានចូលរួម ក្នុងសមយុទ្ធដែលបានកំណត់ពេលនៅក្នុង តំបន់ប្រតិបត្តិការនៃកងនាវាចរខាងជើង ប៉ាស៊ីហ្វិក និងបាល់ទិក ក៏ដូចជាតំបន់ទទួលខុសត្រូវរបស់ Caspian Flotilla បានចាប់ផ្តើមដកកងកម្លាំងនាវិកវិញហើយ” ។

លោក Alexander Moiseyev អគ្គមេបញ្ជាការនៃកងទ័ពជើងទឹក បានលើកឡើងថា សមយុទ្ធសម្រេចបានគោលដៅរបស់ពួកគេ ក្នុងការវាយតម្លៃសកម្មភាពរបស់អាជ្ញាធរ បញ្ជាការដ្ឋានកងទ័ពជើងទឹកគ្រប់កម្រិត និងផ្ទៀងផ្ទាត់ការត្រៀមខ្លួនរបស់នាវិក កងនាវាចរ និងកងទ័ពឆ្នេរសមុទ្រ ដើម្បីបំពេញភារកិច្ចដែលបានកំណត់ទុក ។

លោក Moiseyev បានលើកឡើងទៀតថា អគ្គសេនាធិការនៃកងទ័ពជើងទឹកនឹងធ្វើការវិភាគលម្អិតអំពីសកម្មភាពរបស់កងកម្លាំងលើផ្ទៃ អាកាសចរណ៍កងទ័ពជើងទឹក និងអង្គភាពឆ្នេរសមុទ្រ ដែលជាផ្នែកមួយនៃសកម្មភាពហ្វឹកហ្វឺនប្រយុទ្ធជាទ្រង់ទ្រាយធំ ។

គេបានដឹងថា នាវានៅលើផ្ទៃទឹកប្រហែល៣០០ទូក នាវាមុជទឹក និងនាវាគាំទ្រ យន្តហោះប្រហែល៥០គ្រឿង សម្ភារៈយោធា និងឧបករណ៍ពិសេសជាង២០០គ្រឿង និងបុគ្គលិកយោធា និងបុគ្គលិកស៊ីវិលជាង២០.០០០ នាក់មកពីអង្គភាព និងទ្រង់ទ្រាយផ្សេងៗបានចូលរួមក្នុងសមយុទ្ធមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top