ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកដាក់ពាក្យបណ្តឹង TikTok ជុំវិញបញ្ហាគោលការណ៍ប្រើប្រាស់របស់កុមារ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌អាមេរិកឬ​​ DOJ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង ក្រុមហ៊ុនTikTok និងក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិន ByteDance ពីបទបរាជ័យក្នុងការការពារឯកជនភាពរបស់កុមារនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមសេចក្តីថ្លែងការណ៍របស់ DOJ កាលពីថ្ងៃសុក្រ TikTok បានរំលោភលើច្បាប់ស្តីពីការការពារឯកជនភាពលើអ៊ីនធឺណិតរបស់កុមារ ដែលទាមទារសេវាកម្មដែលមានគោលបំណងកុមារ ដើម្បីទទួលបានការយល់ព្រមពីមាតាបិតាដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួន ប្រសិនបើអ្នកប្រើប្រាស់មានអាយុក្រោម១៣ ឆ្នាំ។

DOJ បាននិយាយថា TikTok បានអនុញ្ញាតឱ្យកុមារបង្កើតគណនីនៅលើកម្មវិធី និងបង្កើត និងចែករំលែកវីដេអូជាមួយមនុស្សពេញវ័យហើយវេទិកានេះ បានប្រមូលព័ត៌មានពីអ្នកប្រើប្រាស់វ័យក្មេង ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។

TikTok បានអះអាងកាលពីថ្ងៃសុក្រថា ការចោទប្រកាន់ជាច្រើន ទាក់ទងនឹងព្រឹត្តិការណ៍ និងការអនុវត្តកន្លងមក ដែលមិនត្រឹមត្រូវ ឬត្រូវបានដោះស្រាយ។

ករណី TikTok ចុងក្រោយបង្អស់ត្រូវបានបញ្ជូនទៅ DOJ ដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកហៅកាត់ថាFTCកាលពីក្នុងខែមិថុនាហើយ FTC កំពុងស្វែងរកការផាកពិន័យរហូតដល់ជាង៥១ពាន់ដុល្លារ ក្នុងការបំពានគិតជាថ្ងៃពី TikTok៕

ប្រែសម្រួល៖ស៊ុនលី

To Top