បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពិភាក្សាអំពី “ការដាក់ពង្រាយយោធាអាមេរិកថ្មី” ដើម្បីជួយអ៊ីស្រាអែលការពារប្រឆាំងនឹង “ការគំរាមកំហែងទាំងអស់” ក្នុងអំឡុងពេលមេដឹកនាំទាំងពីរហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសេតវិមានអាមេរិក។ ការពិភាក្សាគ្នាតាមទូរស័ព្ទនេះបានធ្វើឡើងបន្ទាប់ពីការធ្វើឃាតប្រធាននយោបាយរបស់ក្រុមហាម៉ាស់លោក Ismail Haniyeh នៅក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និង “ក្រុមភេរវករប្រូកស៊ី ហាម៉ាស, ហេសបូឡា, និង ក្រុមឧទ្ទាមហួទី” ។
លោក Haniyeh ដែលជាប្រធានការិយាល័យនយោបាយរបស់ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីរបស់បហរទេសអ៊ីរ៉ង់ ខណៈដែលនៅក្នុងទីក្រុងសម្រាប់ពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។ ទាំងអ៊ីរ៉ង់ និងក្រុមហាម៉ាសបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហាអត្តឃាតរនេះ ដោយក្រោយមកបានអះអាងថា លោក Haniyeh ត្រូវបានសម្លាប់ដោយការវាយប្រហារដោយមីស៊ីល។ ទីក្រុងហ្សេរុយសាឡឹមមិនបានបញ្ជាក់ ឬបដិសេធពីការជាប់ពាក់ព័ន្ធឡើយ។
សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបីនាក់ថា រដ្ឋបាលលោក Biden ជឿជាក់ថា អ៊ីរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ហើយកំពុងរៀបចំខ្លួនដើម្បីទប់ទល់។ អ៊ីរ៉ង់បានប្តេជ្ញាស្វែងរកការសងសឹកបន្ទាប់ពីការស្លាប់របស់លោក Haniyeh ដែលបង្កឱ្យមានការព្រួយបារម្ភថាមជ្ឈិមបូព៌ានឹងត្រូវធ្លាក់ចូលទៅក្នុងសង្រ្គាមទាំងអស់។
ក្នុងអំឡុងការពិភាក្សាគ្នាតាមទូរស័ព្ទនោះ លោក Biden និងលោក Netanyahu បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់អ៊ីស្រាអែល “រួមទាំងការប្រឆាំងនឹងមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក ដើម្បីរួមបញ្ចូលការដាក់ពង្រាយយោធាការពារថ្មីរបស់សហរដ្ឋអាមេរិក”។ សេតវិមានបាននិយាយថា អនុប្រធានាធិបតី និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris ក៏បានចូលរួមក្នុងការពិភាក្សាតាមទូរស័ព្ទនេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា