ព័ត៌មានអន្តរជាតិ

ស្ថាប័នបោះឆ្នោត វេណេស៊ុយអេឡា បញ្ជាក់ពីជ័យជម្នះរបស់លោក ម៉ាឌូរ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតី

ការ៉ាកាស៖ ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់ប្រទេសវេណេស៊ុយអេឡា បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជាមួយនឹង ៥១,៩៥ភាគរយនៃការបោះឆ្នោត។

ជាមួយនឹងសំឡេងសរុប ៩៦,៨៧ភាគរយនៃសន្លឹកឆ្នោតត្រូវបានរាប់ លោក ម៉ាឌូរ៉ូ ទទួលបាន ៦,៤០៨,៨៤៤សំឡេង ខណៈគូប្រជែងសំខាន់របស់គណបក្សប្រឆាំងទទួលបាន ៥,៣២៦,១០៤ សំឡេង ស្មើនឹង ៤៣,១៨ ភាគរយ នេះបើយោងតាមលោក Elvis Amoroso ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

លោក Amoroso ក៏បានប្រកាសអំពីភាគរយនៃការបោះឆ្នោត សម្រាប់បេក្ខជនផ្សេងទៀតផងដែរ៖ ដោយបេក្ខជននីមួយៗ ទទួលបានសំឡេងគាំទ្រតិចតួចប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ 

លោកបានលើកឡើងថា សំឡេងឆ្នោតសរុបជាង ១២,៣៨៦,០០០សំឡេង ត្រូវបានរាប់ តំណាងឱ្យ ៥៩,៩៧ភាគរយនៃអ្នកបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោត ដែលមានច្រើនជាង ៥០,០០០សំឡេង ឬ ០,៤១ភាគរយបានប្រកាសថា មិនមានសុពលភាព។

លោក Amoroso បានស្តីបន្ទោស “ការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំ” ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិជ្ជានៃការបោះឆ្នោត និងក្រុមហ៊ុនទូរគមនាគមន៍សំខាន់ៗរបស់ប្រទេសចំពោះការពន្យារពេលនៃការបញ្ជូនលទ្ធផល និងដំណើរការបញ្ចេញព័ត៌មាន។

ទោះបីជាមានការដុតការិយាល័យបោះឆ្នោត មជ្ឈមណ្ឌលបោះឆ្នោត និងអ្វីដែលលោកបានពិពណ៌នាថាជាការវាយប្រហារភេរវកម្ម លោក Amoroso បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានគ្រប់គ្រង ដើម្បីបញ្ជូនលទ្ធផលភាគច្រើន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top