បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាឱ្យនាវាពិឃាត នាវាចម្បាំង និងកងនាវាចម្បាំងបន្ថែមទៀត ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីការពារអ៊ីស្រាអែល ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ថែមពីលើនេះ សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដើម្បីទៅគាំទ្រដល់នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយនៅមជ្ឈិមបូព៌ា។
ការប្រកាសនេះធ្វើឡើងចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីការសម្លាប់ប្រធានការិយាល័យនយោបាយ របស់ក្រុម Hamas លោក Ismail Haniyeh នៅក្នុងទីក្រុង តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ។ ទាំងក្រុមហាម៉ាស់ និងអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារបណ្តាលឱ្យស្លាប់ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ហើយបានសន្យាថានឹងសងសឹក។ អ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកទទួលខុសត្រូវមួយផ្នែកសម្រាប់ការវាយប្រហារនេះថាជា “អ្នកគាំទ្រ និងអ្នកសមគំនិត” របស់អ៊ីស្រាអែល។
ខណៈពេលដែលក្រុងហ្សេរុយសាឡឹមខាងលិចមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធណាមួយនោះ អ៊ីស្រាអែលបានគម្រាមម្តងហើយម្តងទៀតថានឹងកម្ចាត់មេដឹកនាំក្រុមហាម៉ាស់ចេញ ជុំវិញការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមនេះទៅលើអ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងនាំឱ្យមនុស្សជាង ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
សង្រ្គាមអ៊ីស្រាអ៊ែល-ក្រុមហាម៉ាស់ ជាបន្តបន្ទាប់បានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់និងអ៊ីស្រាអែល បានបាញ់គ្នាដោយផ្ទាល់ក្នុងខែមេសាបន្ទាប់ពីអ៊ីស្រាអែលវាយប្រហារបរិវេណស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី៕
ប្រែសម្រួលៈ ណៃ តុលា