បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការិយាល័យស្ថិតិការងារបានរាយការណ៍កាលពីថ្ងៃសុក្រថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើងសម្រាប់ខែទី៤ជាប់ៗគ្នាក្នុងខែកក្កដាដល់៤,៣ភាគរយកើនឡើងពី៤,១ភាគរយ កាលពីខែមុនដែល តួលេខនេះគឺជាតួលេខខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។
ទិន្នន័យបានបង្ហាញថា សហរដ្ឋអាមេរិកបានបន្ថែមការងារត្រឹមតែ ១១៤០០០កន្លែង កាលពីខែមុន ពោលគឺធ្លាក់ចុះពី ២០៦០០០កន្លែង ដែលបានកត់ត្រាក្នុងខែមិថុនា ហើយទាបជាងការងារ ២១៥០០០កន្លែង ក្នុងមួយខែដែលបានបន្ថែមក្នុងរយៈពេល១២ខែចុងក្រោយនេះ។
ចំនួនអ្នកអត់ការងារធ្វើនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងពី៣៥២០០០នាក់ ទៅដល់៧,២លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥,៩ លាននាក់ដែលបានចុះបញ្ជីកាលពីឆ្នាំមុន នៅពេលដែលអត្រាគ្មានការងារធ្វើគឺ៣,៥ភាគរយ។
ទោះបីជាវិស័យមួយចំនួននៅតែមើលឃើញពីការកើនឡើងការងារ ជាពិសេសផ្នែកថែទាំសុខភាពក៏ដោយ ទំហំនៃការកើនឡើងការងារបានបន្តរួមតូច ដោយ ៤៩,៦ភាគរយនៃឧស្សាហកម្មបានរាយការណ៍ពីការកើនឡើងនៃការងារ ប៉ុន្តែធ្លាក់ចុះទាបជាង៥៦ភាគរយដែលធ្វើបានកាលពីនៅក្នុងខែមិថុនា។
ដោយឡែគប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងបានកើនឡើងត្រឹមតែ០,២ភាគរយប៉ុណ្ណោះសម្រាប់ក្នុងខែកក្កដា បន្ទាប់ពីកើនឡើង០,៣ភាគរយកាលពីក្នុងខែមុន។ ក្នុងរយៈពេល ១២ ខែរហូតដល់ខែកក្កដា ប្រាក់ឈ្នួលបានកើនឡើង ៣,៦ភាគរយដែលបង្ហាញពីកំណើនទាបបំផុតពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២១៕
ប្រែសម្រួល៖ស៊ុនលី
