តូក្យូ ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងរៀបចំផែនការគាំទ្រសេដ្ឋកិច្ចសម្រាប់អាស៊ីកណ្តាល ក្នុងផ្នែកដឹកជញ្ជូនពាណិជ្ជកម្ម ការកាត់បន្ថយកាបូន និងការអភិវឌ្ឍធនធានមនុស្ស ហើយគ្រោងនឹងបង្ហាញវា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នាពេលខាងមុខជាមួយប្រទេសចំនួន៥ ក្នុងតំបន់។
កិច្ចប្រជុំកំពូលដែលនឹង ប្រារព្ធឡើងនៅប្រទេសកាហ្សាក់ស្ថាននៅចុងខែនេះ គឺជាប្រភេទទីមួយដែលនឹងប្រមូលផ្តុំមេដឹកនាំជប៉ុន និងអតីតសាធារណរដ្ឋ សូវៀតចំនួន៥ គឺ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន។
ប្រទេសជប៉ុន មានបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេស ដែលសម្បូរធនធាន និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេសរុស្ស៊ី និងប្រទេសចិន ដែលនៅជិតនោះ។ ប្រភពបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងម៉ុងហ្គោលី ពីថ្ងៃសុក្រដល់ថ្ងៃទី១២ ខែសីហា។
ចំពេលមានការរំខានដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រដ្ឋាភិបាលជប៉ុនជឿថា បច្ចេកវិទ្យាឌីជីថលរបស់បណ្ដាប្រទេសអាស៊ី អាចជួយសម្រួលដល់នីតិវិធីគយក្នុងផ្លូវដឹកជញ្ជូនដែលតភ្ជាប់អាស៊ីកណ្តាល និងអឺរ៉ុបតាមរយៈសមុទ្រកាសព្យែន ដែលអាចឆ្លងកាត់រុស្ស៊ីក្នុងពេលតែមួយ។
ប្រភពបានឲ្យដឹងទៀតថា ប្រទេសជប៉ុន ក៏នឹងសន្យាជួយបណ្តាប្រទេសអាស៊ីកណ្តាលឱ្យសម្រេចបាននូវអព្យាក្រឹតភាពកាបូន ក្នុងគោលបំណងដោះស្រាយ ការប្រែប្រួលអាកាសធាតុ ផ្តល់អ្នកជំនាញ ដើម្បីធ្វើទំនើបកម្មស្ថានីយ៍ថាមពលកំដៅ និងពិចារណាការផលិត និងការនាំចេញជី និងប្រេងសាំងដោយប្រើប្រាស់ ឧស្ម័នធម្មជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា