កូឡុំបូ៖ កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងនាវាចររបស់ប្រទេសស្រីលង្កា បានចាប់ខ្លួនអ្នកនេសាទជនជាតិឥណ្ឌា បានចំនួន ៤នាក់ ពីបទធ្វើនេសាទនៅក្នុងដែនទឹក របស់ប្រទេសខ្លួនកាលពីយប់ថ្ងៃសៅរ៍។
កងទ័ពជើងទឹកបានបញ្ជាក់ថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលប្រតិបត្តិការពិសេសមួយ ដើម្បីដេញតាមទូកនេសាទរបស់ប្រទេសឥណ្ឌា ដែលលួចចូលពីបង្គោលភ្លើងហ្វារ Kovilan ទីក្រុង Jaffna ស្ថិតនៅភាគខាងជើងនៃប្រទេសស្រីលង្កា។
សេចក្តីថ្លែងការណ៍បានដាក់ថា កងទ័ពជើងទឹកក៏បានរឹបអូសបានទូកនេសាទចំនួន ១គ្រឿង ដែលជនជាតិឥណ្ឌា កំពុងធ្វើដំណើរ ដោយបានបញ្ជាក់ឲ្យដឹងទៀតថា ទូកនេសាទដែលត្រូវរឹបអូសបាននោះ និងអ្នកនេសាទជនជាតិឥណ្ឌា នឹងត្រូវប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ជាមួយនឹងការចាប់ខ្លួននេះដែរ កងទ័ពជើងទឹកបានរឹបអូសទូកនេសាទឥណ្ឌា សរុបចំនួន ៣៨គ្រឿង និងអ្នកនេសាទជនជាតិឥណ្ឌា ចំនួន ២៦៥នាក់ដែលបានមកធ្វើនេសាទនៅក្នុងដែនទឹករបស់ប្រទេសស្រីលង្កា គិតមកដល់ពេលនេះនៅក្នុងឆ្នាំ២០២៤៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
