ព័ត៌មានអន្តរជាតិ

Axios ៖ អាមេរិក និងអ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារអ៊ីរ៉ង់ ហើយថា ការវាយប្រហារអាចនឹងកើតឡើងនៅថ្ងៃចន្ទ

Afp

បរទេស៖ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបន្តការត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដ៏ធំមួយដោយអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡា។ ការវាយប្រហារត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិកពីរនាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ថា ឧត្តមសេនីយ Michael Kurilla ដែលជាប្រធានទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានមកដល់ក្នុងតំបន់សម្រាប់ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដែលទំនងជាផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលផ្តុំសម្ព័ន្ធអន្តរជាតិ និងតំបន់ទូលំទូលាយដូចគ្នាដែលការពារអ៊ីស្រាអែលពីអតីតកាលនៃការវាយប្រហារដ៏ធំរបស់អ៊ីរ៉ង់ក្នុងខែមេសា។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចពុះកញ្ជ្រោលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh ក្នុងការទម្លាក់គ្រាប់បែកក្នុងទីក្រុងតេអេរ៉ង់។ ខណៈពេលដែលអ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធមិនរៀបចំការវាយប្រហារនោះ អ៊ីស្រាអែលបានសារភាពថា បានកម្ចាត់មេដឹកនាំ Hezbollah លោក Fouad Shukr ក្នុងទីក្រុង Beirut ដែលខ្លួនបាននិយាយថា មេដឹកនាំរូបនេះជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើទីលានបាល់ទាត់នៅតំបន់ Golan Heights ដែលបានសម្លាប់អនីតិជនចំនួន ១២ នាក់។

ជាមួយនឹងអ៊ីរ៉ង់សន្យាថានឹងសងសឹក, យោធាអ៊ីស្រាអែលត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល ក៏បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ផងដែរ។

ប្រភពពី Axios បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់នឹងធ្វើតាមសៀវភៅ Playbook ដូចកាលពីខែមេសា នៅពេលដែលទីក្រុង Tehran បានចាប់ផ្តើមការវាយប្រហារសងសឹកទៅលើអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានអះអាងថាជាការទម្លាក់គ្រាប់បែករបស់ទីក្រុង ហ្សេរុយសាឡឹមខាងលិច មកលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ ការវាយប្រហារនោះទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់រយ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលបានទទូចថា ការខូចខាតមានតិចតួច៕

ប្រែសម្រួលៈ ណៃ តុលា

To Top