មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនលោក Nikolai Nozdrev បានឲ្យដឹងថា សម្ព័ន្ធភាពអាមេរិក-ជប៉ុន កំពុងបង្កការគំរាមកំហែងនុយក្លេអ៊ែរដល់ប្រទេសជិតខាងក្នុងតំបន់របស់ប្រទេសជប៉ុន។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី លោក Nozdrev បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូកំពុងពង្រឹងសមាសធាតុយោធានៃសម្ព័ន្ធភាពរបស់ពួកគេយ៉ាងឆាប់រហ័ស រួមទាំងការបង្កើតរចនាសម្ព័ន្ធបញ្ជាការ ដែលរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ការពង្រឹងសមត្ថភាពវាយប្រហាររបស់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងការបញ្ចូលគ្នានៃឧស្សាហកម្មការពារជាតិនៃប្រទេសទាំងពីរ។
យោងតាមលោក Nozdrev ការពិភាក្សានាពេលថ្មីៗនេះក្នុងចំណោមសម្ព័ន្ធមិត្តអំពីការពង្រីកតួនាទីនៃការរារាំង ដែលរួមមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងប្រតិបត្តិការរួមគ្នា ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ។
លោក Nozdrev បានលើកឡើងថា សកម្មភាពទាំងនេះគឺគួរឱ្យស្អប់ខ្ពើម ជាពិសេសនៅពេលដែលជិតដល់ខួបនៃការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។
លោកបានរិះគន់ថ្នាក់ដឹកនាំជប៉ុនថា មិនត្រឹមតែមិនអើពើនឹងការពិតដែលថា សហរដ្ឋអាមេរិកបានធ្វើការទម្លាក់គ្រាប់បែកដ៍សាហាវទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឆន្ទៈក្នុងការសហការជាមួយសហរដ្ឋអាមេរិកលើផែនការនុយក្លេអ៊ែរផងដែរ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍រួមដែលបានចេញកាលពីខែមុនរវាងមន្ត្រីអាមេរិក និងជប៉ុននៅទីក្រុងតូក្យូ។ សេចក្តីថ្លែងការណ៍នេះ គឺជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក បានចងក្រងឯកសារការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារប្រទេសជប៉ុន ប្រឆាំងនឹងការគម្រាមកំហែងពីខាងក្រៅ ដែលមានសក្តានុពលដោយប្រើវិធីសាស្រ្ត ដែលរួមមានអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន រួមទាំងការប្រើប្រាស់ការរារាំងបន្ថែម ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា៕
ប្រែសម្រួល ឈូក បូរ៉ា