ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអង់គ្លេសថា កងទ័ពគឺមិនពាក់ព័ន្ធនឹងការដោះស្រាយជាមួយ កុប្បកម្មដែលកំពុងផ្ទុះឡើងនោះទេ គឺទុកអំណាចឱ្យប៉ូលីស

បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក John Healey បាននិយាយថា កងទ័ពអង់គ្លេសនឹងមិនជាប់ពាក់ព័ន្ធក្នុងការដោះស្រាយជាមួយ កុប្បកម្មដែលកំពុងរីករាលដាលនៅទូទាំងចក្រភពអង់គ្លេសនោះទេ ដោយលោក John Healey បានទទូចថា ប៉ូលីសមានអំណាចដើម្បីការពារប្រទេសជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Healey បាននិយាយទៅកាន់សារព័ត៌មាន Sky News កាលពីថ្ងៃចន្ទនៅទីក្រុង Rotherham ជាកន្លែងដែលក្រុមបាតុករបានដុតផ្ទះរបស់អ្នកស្វែងរកសិទ្ធិជ្រកកោន។

ទីប្រជុំជន និងទីក្រុងជាច្រើនរបស់អង់គ្លេស ត្រូវរងការរញ្ជួយដោយការតវ៉ា និងកុប្បកម្មស្តាំនិយមប្រឆាំងនឹងអន្តោប្រវេសន៍ និងសាសនាឥស្លាម ចាប់តាំងពីថ្ងៃច័ន្ទមុន នៅពេលដែលក្មេងជំទង់ជនជាតិអង់គ្លេសដើមកំណើតរវ៉ាន់ដាម្នាក់ បានចាក់កុមារបីនាក់ស្លាប់ និងដប់នាក់ផ្សេងទៀតរងរបួសនៅក្នុងទីប្រជុំជន Southport ជិតទីក្រុង Liverpool ។

នៅពេលសួរថាតើកងទ័ពអាចនឹងត្រូវនាំយកមកដើម្បីដោះស្រាយជាមួយកុប្បកម្មនាពេលអនាគតឬអត់នោះ? លោក Healey រដ្ឋមន្រ្តីការពារជាតិ បានឆ្លើយតបថា “ទេ… វាជាទំនួលខុសត្រូវរបស់ប៉ូលីសក្នុងការឆ្លើយតបជាមុន ហើយបច្ចុប្បន្នពួកគេមានមធ្យោបាយដើម្បីធ្វើវា” ។

លោក Healey បានបន្ថែមថា “ពួកគេនឹងធ្វើឱ្យប្រាកដថាមនុស្សមានសុវត្ថិភាព” ។ ការកត់សម្គាល់នេះកើតឡើងបន្ទាប់ពីមេដឹកនាំកំណែទម្រង់ចក្រភពអង់គ្លេស Nigel Farage បានថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងមន្ត្រីប៉ូលីសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃចន្ទដោយនិយាយថា គាត់ “រន្ធត់ចិត្ត” ចំពោះភាពចលាចលកាលពីចុងសប្តាហ៍ ហើយថា “បញ្ហារយៈពេលវែងកាន់តែជ្រៅនៅតែមាន” ។ លោកក៏បានជំរុញឲ្យមានការកោះប្រជុំសភា ហើយបាននិយាយថា រដ្ឋាភិបាលគួរពិចារណាដាក់ពង្រាយកងទ័ព៕

ប្រែសម្រួលៈ ណៃ តុលា

To Top