ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស Blinken ថ្លែងថា អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល គួរចៀសវាងកុំឲ្យមានជម្លោះ ឲ្យកាន់តែខ្លាំងឡើង

Xinhua

សហរដ្ឋអាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា ទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល គួរតែជៀសវាងជម្លោះកាន់តែខ្លាំងឡើង ដោយបានលើកឡើងពាក្យចំៗបំផុត របស់លោកទៅកាន់សម្ព័ន្ធមិត្តអាមេរិក និងអ៊ីស្រាអ៊ែល អំពីភាពតានតឹងដែលកំពុង កើនឡើងនៅឯមជ្ឈិមបូព៌ា ។

លោក Blinken បានប្រាប់ដល់អ្នកយកព័ត៌មានថា “គ្មាននរណាម្នាក់គួរតែបង្កើនជម្លោះនោះទេ ។ យើងបានចូលរួមក្នុងការទូត ដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដោយបានទំនាក់ទំនងសារនោះ ដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ ។ យើងបានទំនាក់ទំនងសារនោះ ដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល” ។

ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាឆ្លើយតបបន្ទាប់ពី អ៊ីស្រាអ៊ែលត្រូវបានគេសង្ស័យថា បានសម្លាប់មេដឹកនាំនយោបាយ របស់ក្រុមហាម៉ាស់ គឹលោក Ismail Haniyeh នៅក្រុងតេហរ៉ង់ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីការខកចិត្តចំពោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បេហ្សាមីន ណេតាន់យ៉ាហ៊ូ ជុំវិញការធ្វើឃាតនេះ ដែលបានកើតឡើង ខណៈដែលលោកសង្ឃឹមថា នឹងធ្វើឱ្យមានវឌ្ឍនភាពក្នុងកិច្ចចរចា ដើម្បីឈានដល់បទឈប់បាញ់ នៅក្នុងសង្គ្រាមតំបន់ហ្គាហ្សា រយៈពេល១០ខែមកនេះ ។

លោក Blinken បានថ្លែងថា “ការប្តេជ្ញាចិត្តរបស់យើង ចំពោះសន្តិសុខរបស់អ៊ីស្រាអ៊ែល គឺមានលក្ខណៈជារឹងមាំ ។ យើងនឹងបន្តការពារអ៊ីស្រាអ៊ែលប្រឆាំងនឹង ការវាយប្រហារពីក្រុមភេរវករ ឬអ្នកឧបត្ថម្ភរបស់ពួកគេ ដូចដែលយើងនឹងបន្តការពារកងទ័ពរបស់យើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top