ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡា ប្តេជ្ញាសងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេទ័ពរបស់ខ្លួន

Xinhua

បេរូត៖ ទូរទស្សន៍ក្នុងស្រុក al-Manar បានរាយការណ៍ថា មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah បានប្តេជ្ញាសងសឹកយ៉ាងខ្លាំងក្លា និងមានឥទ្ធិពលប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការធ្វើឃាតមេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួន គឺលោក Fouad Shokor ។

លោក Nasrallah បានឲ្យដឹង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយថា “ការសងសឹករបស់យើង ចំពោះការធ្វើឃាតមេបញ្ជាការ របស់យើងគឺកើតឡើង ដោយជៀសមិនរួច ហើយវានឹងមានផលប៉ះពាល់ និងខ្លាំងក្លា។ យើងអាចជ្រើសរើសការសងសឹកដោយសហការ ជាមួយមហាអំណាចតស៊ូផ្សេងទៀត នៅក្នុងប្រទេសអ៊ីរ៉ង់ និងយេម៉ែន ឬផ្សេងទៀត” ។ 

លោកបានបន្ថែមថា “នេះគឺជាសង្រ្គាមដ៏ធំមួយ ហើយឈាមរបស់ប្រជាជនយើងថ្លៃពេក ហើយជាទីស្រឡាញ់។ ការធ្វើឃាតនឹងមិនឆ្លងកាត់ដោយគ្មានការសងសឹកឡើយ”។

លោកក៏​បាន​គំរាម​វាយ​ប្រហារ​រោងចក្រ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ ដែល​នីមួយៗ​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា “ទាំងអស់នេះមានទីតាំងនៅភាគខាងជើងប្រទេសអ៊ីស្រាអែល វាត្រូវចំណាយពេល ៣៤ឆ្នាំដើម្បីសាងសង់រោងចក្រទាំងអស់នេះ ប៉ុន្តែត្រូវចំណាយពេលកន្លះម៉ោងដើម្បីបំផ្លាញពួកវាទាំងអស់” ។

លោកបាន​បន្ដថា អ៊ីស្រាអែល​បង្កើត​បាន​គ្រោះថ្នាក់​ធំ​មួយ​ក្នុង​តំបន់។ គ្រោះថ្នាក់នេះមិនអាចប្រឈមមុខនឹងការភ័យខ្លាច និងការស្ទាក់ស្ទើរនោះទេ ប្រជាជនម៉ូស្លីមទាំងអស់ត្រូវតែមានការទទួលខុសត្រូវរបស់ពួកគេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top