ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ធ្វើសមយុទ្ធចែកចាយស្បៀងសង្គ្រោះបន្ទាន់ ចំពេលមានភាពតានតឹងផ្នែកសន្តិសុខ

យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានធ្វើសមយុទ្ធមួយកាលពីថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការចែកចាយកញ្ចប់អាហារសង្គ្រោះបន្ទាន់ ក្នុងករណីមានជម្លោះកើនឡើង នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែល។

សមយុទ្ធនេះមានឈ្មោះថា “Bread of the Land” ពាក់ព័ន្ធនឹងការត្រួតពិនិត្យសារពើភ័ណ្ឌ និងការត្រៀមកញ្ចប់អាហារ ដែលរក្សាទុកនៅក្នុងសាខាសង្គ្រោះបន្ទាន់ នៃបណ្តាញផ្សារទំនើបធំៗរបស់ប្រទេសអ៊ីស្រាអែល។ ប្រទេសនេះ ក៏បានសាកល្បងវិធីសាស្រ្ត សម្រាប់ការដឹកជញ្ជូនកញ្ចប់ទាំងនេះទៅកាន់មជ្ឈមណ្ឌលចែកចាយតាមតម្រូវការផងដែរ។

អ៊ីស្រាអែល មានសាខាផ្សារទំនើបសង្គ្រោះបន្ទាន់ជាង ៤២០កន្លែង ដែលមានកញ្ចប់រាប់ម៉ឺនកញ្ចប់ដែលមានអាហារ និងផលិតផលប្រើប្រាស់ជាមូលដ្ឋានផ្សេងទៀត ដែលត្រៀមរួចជាស្រេចសម្រាប់ការចែកចាយភ្លាមៗដល់ប្រជាជន ដែលមិនអាចចាកចេញពីផ្ទះរបស់ពួកគេ។  កញ្ចប់សង្គ្រោះរួមមាន នំប៉័ង នំកែកឃឺ ទឹកដោះគោ UHT កាហ្វេ តែ ស្ករ អាហារទារក បន្លែកំប៉ុង ត្រីធូណា និងរបស់ចាំបាច់ផ្សេងៗទៀត។

ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មិន​មាន​ការ​ខ្វះខាត​ស្បៀង​អាហារ​ក្នុង​ឃ្លាំង​នោះ​ទេ ហើយ​ក៏​មិន​ចាំបាច់​ឱ្យ​សាធារណជន​ទិញ​លើស​តម្រូវការ​ប៉ុន្មាន​ថ្ងៃ​ដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top