បាងកក៖ កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ បានរំលាយគណបក្ស ប្រឆាំងដ៏សំខាន់មួយ ដោយសម្រេចថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើវិសោធនកម្មច្បាប់ប្រឆាំង នឹងការបង្ខូចកេរ្តិ៍ឈ្មោះ ព្រះរាជវង្សានុវង្ស របស់ព្រះរាជាណាចក្រ និងបានបំពានរដ្ឋធម្មនុញ្ញ ។
ចៅក្រមបានបោះឆ្នោតជាឯកច្ឆ័ន្ទ បញ្ជាឱ្យរំលាយ គណបក្ស Move Forward និងដាក់បម្រាមលើសមាជិក គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សចំនួន១១រូប មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល១០ឆ្នាំ។
តុលាការបានឲ្យដឹងថា យុទ្ធនាការ របស់គណបក្សនេះ គឺដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថ ព្រះមហាក្សត្រត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងធ្វើឱ្យខូចដល់ របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញរបស់ប្រទេស ។
យោងតាមសេចក្តីសម្រេចរបស់តុលាការ បានឲ្យដឹងថា សមាជិកសភាចំនួន៦រូប ដែលពីមុនធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សា ប្រតិបត្តិរបស់គណបក្សដែលត្រូវបានរំសាយពេលនេះបានបាត់បង់ឋានៈជាសមាជិកសភារបស់ពួកគេ រួមទាំងអតីតមេដឹកនាំគណបក្ស គឺលោក Pita Limjaroenrat និង Chaithawat Tulaton ព្រមទាំងអនុប្រធានសភាលោក Padipat Suntiphada ។
លោក Pita បានរៀបរាប់ក្រោយពីមានការសម្រេចនេះថា ក្រុមរបស់ពួកគេនឹងបន្តរបៀបវារៈនយោបាយរបស់ខ្លួន បើទោះបីជាអវត្តមានរូបគាត់ក៏ដោយ ខណៈដែលព័ត៌មានលម្អិតនៃគណបក្សថ្មីនឹងត្រូវបានណែនាំនៅថ្ងៃសុក្រខាងមុខនេះ ។
លោកបានប្រាប់ដល់សន្និសីទសារព័ត៌មានថា “ខ្ញុំនឹងធ្វើឲ្យប្រាកដថា ខ្ញុំនឹងបញ្ជូនអំណាចទៅកាន់មេដឹកនាំជំនាន់ក្រោយ” ។
គួរបញ្ជាក់ថា ការរំលាយគណបក្សនេះគឺបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃឡង់ដ៏ បានដាក់ញត្តិទៅតុលាការ ធម្មនុញ្ញឱ្យរំសាយគណបក្ស Move Forward តាមសេចក្តីសម្រេច របស់តុលាការ ដូចគ្នាកាលពីខែមករា ដែលបានបញ្ជាឱ្យគណបក្សនេះ បញ្ឈប់កិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងលុបបំបាត់ ឬកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រចេញ ។
គេបានដឹងថា ច្បាប់ស្តីពីការប្រមាថ ឬមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ចែងថា ជនណាបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងដល់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ស្នងមរតក ឬរាជានុសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ទៅ១៥ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា