រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Walid al-Khuraiji បានឲ្យដឹងថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ គឺជាការរំលោភលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ របស់ប្រទេសអ៊ីរ៉ង់។
លោក Al-Khuraiji បានធ្វើការកត់សម្គាល់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅទីក្រុងជេដា។ លោកបញ្ជាក់ថា ការធ្វើឃាតបានបង្កការ គំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។
លោកក៏បានថ្កោលទោសអ៊ីស្រាអែល ចំពោះការបង្កើនអំពើហិង្សា លើជនស៊ីវិលប៉ាឡេស្ទីន ដោយអំពាវនាវ ឱ្យសហគមន៍ អន្តរជាតិរក្សាកងកម្លាំងអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ។
លោក Haniyeh ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ត្រូវបានសម្លាប់រួម ជាមួយអង្គរក្សរបស់លោកកាលពីថ្ងៃទី៣១ ខែកក្កដា នៅពេលដែលគេហដ្ឋាន របស់ពួកគេក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ ដែលអ៊ីរ៉ង់បានសច្ចាថា នឹងធ្វើការឆ្លើយតបដ៏ឃោរឃៅ និងឈឺចាប់បំផុត”៕
ប្រែសម្រួល ឈូក បុរ៉ា