ព័ត៌មានអន្តរជាតិ

សភា​អ៊ីតាលី អនុម័ត​ច្បាប់​ ដើម្បី​បន្ធូរបន្ថយ​ការ ផ្ទុកលើសចំណុះ ក្នុង​ពន្ធនាគារ

Xinhua

រ៉ូម៖ សភាជាន់ទាបអ៊ីតាលី បានផ្តល់ការ អនុម័តចុងក្រោយរបស់ខ្លួន ចំពោះវិធានការនានា ក្នុងគោលបំណង បន្ធូរបន្ថយការចង្អៀតណែនក្នុងពន្ធនាគារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ច្បាប់​នេះ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ១៥៣ សំឡេង ៨៩ ប្រឆាំង និង​អនុប្បវាទ ១ សំឡេង បន្ទាប់​ពី​បាន​អនុម័ត​រួច​ហើយ​ដោយ​ព្រឹទ្ធសភា។

វិធានការថ្មីត្រូវបានណែនាំជាលើកដំបូង ដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni នៅដើមខែកក្កដា តាមរយៈក្រឹត្យមួយ ។  ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភអំពីការកើនឡើង នៃករណីធ្វើអត្តឃាតក្នុង ចំណោមអ្នកទោស នៅក្នុងពន្ធនាគារទូទាំងប្រទេសអ៊ីតាលី។

អ្នកឃ្លាំមើលពន្ធនាគារអ៊ីតាលី បានរាយការណ៍ថាអ្នកទោសចំនួន ៦១នាក់បានឆក់យកជីវិតរបស់ពួកគេរហូតដល់ថ្ងៃទី០៦ ខែសីហាឆ្នាំនេះ “ជាតួលេខខ្ពស់” បើប្រៀបធៀបទៅនឹង ៤០ករណីក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ពន្ធនាគាររបស់ប្រទេស អ៊ីតាលីមានអ្នកទោសចំនួន ៦១,១៣៣នាក់ បើធៀបនឹងសមត្ថភាព ផ្លូវការចំនួន ៥១,២០៨នាក់ នេះបើយោងតាមស្ថិតិរបស់ក្រសួងយុត្តិធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top