តេអេរ៉ង់៖ អ៊ីរ៉ង់ និងបេឡារុស្ស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីទប់ទល់នឹងលទ្ធិឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។
របាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ មេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក Abdolrahim Mousavi និងជាមេបញ្ជាការកងទ័ពការពារដែនអាកាសបេឡារុស្សលោក Andrey Lukyanovich បានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យការពារជាតិ។
លោក Mousavi បានលើកឡើងថា អ៊ីរ៉ង់ និងបេឡារុស្ស ត្រូវប្រឈមមុខនឹងការគំរាមកំហែងរួម និងផលប្រយោជន៍រួមគ្នា ដោយបន្ថែមថា ទោះបីជាប្រទេសទាំងពីរស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម “ដ៏ឃោរឃៅ” របស់សហរដ្ឋអាមេរិក និងលោកខាងលិចក៏ដោយ ប៉ុន្តែពួកគេនៅតែមានឯករាជ្យ។
លោកបានកត់សម្គាល់ថាប្រទេសបេឡារុស្ស មានទីតាំងយុទ្ធសាស្ត្រពិសេស និងជារបាំងដ៏រឹងមាំចំពោះការពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដោយសង្កត់ធ្ងន់លើការប្រឆាំងចំពោះការពង្រីករបស់ខ្លួន។
ចំណែកមេបញ្ជាការបេឡារុស្សបានឲ្យដឹងថា បេឡារុស្សបានស្វែងរកការពង្រីក និងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ ហើយប្រើប្រាស់បទពិសោធន៍ដ៏មានតម្លៃរបស់ប្រទេសនេះ ដោយបង្ហាញពីការប្រឆាំងរបស់ប្រទេសរបស់លោក ចំពោះលទ្ធិឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក និងការពង្រីករបស់អង្គការណាតូ។
កាលពីថ្ងៃពុធផងដែរ លោក Lukyanovich បានជួបជាមួយមេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់លោក Hamid Vahedi និងបានពិភាក្សាអំពីទំនាក់ទំនងយោធាទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕
ប្រែសម្រួល ឈូក បូរ៉ា