ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃ៨ សីហាបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (Retreat of the 16th ASEAN Health Ministers Meeting, AHMM) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងទីម័រឡេស្តេក្រោមមូលបទ«បរិវត្តកម្មភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ាន ក្នុងបរិបទថ្មី៖ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាតនៃជំងឺ ដើម្បីលើកកម្ពស់ភាពធន់ក្នុងតំបន់»។

កិច្ចប្រជុំធ្វើឡើងក្រោមប្រធានបទ ចក្ខុវិស័យ និងការរៀបចំអាទិភាពសុខាភិបាលសម្រាប់អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃអន្តរាគមន៍ជាយុទ្ធសាស្រ្ត និងវឌ្ឍនភាព ដើម្បីកំណត់ទស្សនៈវិស័យ អាទិភាពសុខភាព កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ រក្សាសុខភាព និងសុខុមាលភាពប្រជាជាតិសហគមន៍អាស៊ាន។

រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបានធ្វើអន្តរាគមន៍ ចែករំលែកទស្សនៈនិងការផ្លាស់ប្តូរផ្សេងទៀតលើប្រធានបទខាងលើ សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រសហគមន៍ប្រជាជាតិអាស៊ានក្រោយឆ្នាំ២០២៥ លើវិស័យសុខាភិបាល រួមទាំងអាទិភាពសុខភាពនាពេលអនាគត ពង្រឹងកម្មវិធី សកម្មភាពការងារ និងយន្តការដឹកនាំ វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដោយគ្មានជម្លោះផលប្រយោជន៍។


ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាននេះដែរ សាស្ត្រាចារ្យ ឈាង រ៉ាបានផ្តល់ជាទស្សនទានអំពីបញ្ហាប្រឈមចម្បងៗនៃថ្នាក់តំបន់អំពីសុខភាពជារួម ពិសេសអំពីជំងឺឆ្លង ក៏ដូចជាជំងឺមិនឆ្លង ដែលបាន និងបន្តកើតឡើងថែមទៀតដែលតម្រូវឲ្យសហគមន៍អាស៊ានត្រូវតែត្រៀមខ្លួនឲ្យបានកាន់តែប្រសើរ និងមាំទាំបំផុតឲ្យបានឆាប់រហ័ស តាមរយៈយន្តការសុវត្តិភាពផ្សេងៗ ដែលជាដំណោះស្រាយកម្រិតតំបន់៕



