ប៉េកាំង៖ បេសកជនចិនតំណាងអចិន្ត្រៃយ៍ រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ពង្រឹងសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
លោក Geng Shuang បានឲ្យដឹងនៅក្នុងសន្និសីទសង្ខេប ស្តីពីការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលបណ្តាលមកពីអំពើភេរវកម្មថា “នាពេលបច្ចុប្បន្ន អំពើភេរវកម្មនៅតែបន្ត គំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ”។
ដោយកត់សម្គាល់ថា ការគំរាមកំហែងដែលបង្កឡើងដោយក្រុម Daesh, Al-Qaeda និងអង្គការភេរវករ ដែលជាប់ពាក់ព័ន្ធនៅតែបន្តមិនស្ថិតស្ថេរ ដោយលោកបានព្រមានថា នៅពេលដែលជម្លោះថ្មីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតែបន្តកើនឡើង ឥទ្ធិពលរីករាលដាលរបស់វាកំពុងលេចឡើងឥតឈប់ឈរ ដែលនាំឱ្យមានការកើនឡើង នូវឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការកើនឡើងហានិភ័យនៃ ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសជាច្រើន។
លោកបានសង្កត់ធ្ងន់ថា ការវិវឌ្ឍទាំងនេះគឺជាប្រភពនៃ ការព្រួយបារម្ភយ៉ាងខ្លាំង និងការរំខាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ខណៈពេលដែលគូសបញ្ជាក់ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប្រេសិតរូបនេះបានឲ្យដឹងថា ការប្រឆាំងភេរវកម្ម “មិនគួរក្លាយជាឧបករណ៍ សម្រាប់ការប្រកួតប្រជែងអំណាចធំ បន្ទះឈីបចរចានៅក្នុងភូមិសាស្ត្រនយោបាយ ឬលេសសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀតនោះទេ”។
លោកបានបន្ដថា “ប្រទេសទាំងអស់គួរតែប្រកាន់ខ្ជាប់ នូវគោលគំនិតនៃសន្តិសុខរួម បោះបង់ការលំអៀងខាងមនោគមវិជ្ជា លុបបំបាត់ស្តង់ដារទ្វេរដង ឬការជ្រើសរើសក្នុងកិច្ចខិតខំ ប្រឹងប្រែងប្រឆាំងភេរវកម្ម និងប្រកបដោយប្រសិទ្ធភាពគោរព និងការពារសន្តិសុខរបស់ប្រទេសនីមួយៗ និងគ្រប់ប្រទេស”៕
ប្រែសម្រួល ឈូក បូរ៉ា