គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយថវិកាជាង ៩៣ពាន់លានដុល្លារពីដៃគូអន្តរជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មូលនិធិទាំងនេះមានសារៈសំខាន់ សម្រាប់ដោះស្រាយតម្រូវការអាទិភាពក្នុងវិស័យសង្គម និងមនុស្សធម៌ ដូចជាកម្មវិធីជំនួយសង្គម ការបង់ប្រាក់សង្គម សម្រាប់មនុស្សចាស់ ប្រាក់ខែសម្រាប់មន្ត្រីរាជការ និងផ្សេងៗទៀត”។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រហែល ៤០ពាន់លានដុល្លារត្រូវបានបែងចែកទៅឱ្យទីក្រុងគៀវ តាមរយៈយន្តការរបស់ធនាគារពិភពលោក សម្រាប់គោលបំណងជាក់លាក់ ដែលបានព្រមព្រៀងដោយរដ្ឋាភិបាលអ៊ុយក្រែន និងដៃគូរបស់ខ្លួន។
លើសពីនេះ អ៊ុយក្រែនទទួលបាន ២៥ ពាន់លានអឺរ៉ូ (ប្រហែល ២៧,២ពាន់លានដុល្លារ) ក្នុងជំនួយម៉ាក្រូហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២២-២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានសង្កត់ធ្ងន់ថា ការគាំទ្រអន្តរជាតិមានសារៈសំខាន់សម្រាប់អ៊ុយក្រែន ដោយសារវាអនុញ្ញាតឱ្យផ្តល់ហិរញ្ញប្បទានដល់ការចំណាយជាអាទិភាពក្រោមច្បាប់អាជ្ញាសឹក ខណៈពេលដែលប្រើប្រាស់ធនធានផ្ទៃក្នុង សម្រាប់សន្តិសុខ និងការពារជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា