តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ការធ្វើឃាតប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh មិនអាចទៅរួចនោះទេបើគ្មានភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអាមេរិក។
លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃពុធនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលធ្វើឡើងនៅទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការធ្វើឃាតលោក Haniyeh ក្នុងចំណោមរឿងជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Bagheri Kani បានពណ៌នាការធ្វើឃាតមេក្រុមហាម៉ាស់ថាជា “ឧទាហរណ៍តែមួយនៃឧក្រិដ្ឋកម្មភេរវកររបស់អ៊ីស្រាអែល” ដោយថាវាគឺជា “ការឈ្លានពានដ៏ខ្លាំងក្លាបំផុត ប្រឆាំងនឹងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់” ។
លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការរំលោភបែបនេះ ហើយនាំអ្នកទទួលខុសត្រូវមកកាត់ទោស និងផ្តន្ទាទោស។
លោក Bagheri Kani បានបន្ដថា ទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែល មិនគួរត្រូវបានមើលរំលងនៅក្នុង “ឧក្រិដ្ឋកម្មដ៏សាហាវ” ដែលការប្រព្រឹត្តិកម្មមិនអាចធ្វើទៅបាននោះទេ បើគ្មានភ្លើងខៀវ និងការគាំទ្រផ្នែកចារកម្មរបស់សហរដ្ឋអាមេរិក។
លោកបានបន្ថែមថា ក្នុងករណីដែលគ្មានសកម្មភាពសមស្របណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីរ៉ង់គ្មានជម្រើសផ្សេងក្រៅពីប្រើ “សិទ្ធិដែលមានស្រាប់ក្នុងការការពារខ្លួនស្របច្បាប់ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់អ៊ីស្រាអែល”៕
ប្រែសម្រួល ឈូក បូរ៉ា