ណាហ្គាសាគី៖ អភិបាលក្រុងណាហ្គាសាគី ភាគនិរតីនៃប្រទេសជប៉ុន បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា ការមិនអញ្ជើញសម្រាប់អ៊ីស្រាអែលឱ្យចូលរួមក្នុងពិធីប្រចាំឆ្នាំរំលឹកខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់ទីក្រុងនេះមិនមានហេតុផលនយោបាយនោះទេ ហើយនឹងមិនមានការផ្លាស់ប្តូរ ចំពោះការសម្រេចចិត្តនោះទេ។
ការកត់សម្គាល់របស់អភិបាលក្រុងណាហ្គាសាគី លោក Shiro Suzuki បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីវាត្រូវបានគេបង្ហាញថា បេសកជននៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្ញើលិខិតមួយទៅកាន់ទីក្រុងណាហ្គាសាគី កាលពីពាក់កណ្តាលខែកក្កដា ដោយថា “វានឹងក្លាយទៅជាការពិបាក សម្រាប់ពួកយើងក្នុងការមានការចូលរួមកម្រិតខ្ពស់” នៅក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើអ៊ីស្រាអែល ត្រូវបានដកចេញ។
ពួកគេបានសម្តែងការព្រួយបារម្ភថា ចំណាត់ការនេះ “នឹងនាំឱ្យអ៊ីស្រាអែល ស្ថិតនៅកម្រិតដូចគ្នាជាមួយនឹងប្រទេសដូចជារុស្ស៊ី និងបេឡារុស្ស” ដែលមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងពិធីនេះសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។
លោក Suzuki បានលើកឡើងពីហេតុផលសន្តិសុខ ដែលនៅពីក្រោយការសម្រេចចិត្តនេះ រួមទាំងបាតុកម្មដ៏មានសក្តានុពលប្រឆាំងនឹងការចូលរួមរបស់អ៊ីស្រាអែល ហើយបានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា ពិធីនេះនឹងត្រូវបាន “ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសដ៏ឧឡារិក” ខណៈដែលអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូវ័យចំណាស់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចូលរួមក្នុងពិធីនោះ៕
ប្រែសម្រួល ឈូក បូរ៉ា