បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតមួយកំពុងដំណើរការ លើការប្រព្រឹត្តផ្នែកក្រមសីលធម៌ របស់អ្នកនយោបាយចំនួន ៤៤នាក់នៃគណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP) ដែលបច្ចុប្បន្នត្រូវបានរំលាយ ដែលបានគាំទ្រសេចក្តីព្រាងច្បាប់ ដែលស្វែងរកការកែប្រែច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការ NACC លោក Niwatchai Kasemongkol បាននិយាយថា គណៈកម្មការបានរកឃើញហេតុផលដើម្បីដំណើរការ និងបានបញ្ជាឱ្យមានការស៊ើបអង្កេត ប្រឆាំងនឹងសមាជិកសភាបក្សឆ្ពោះទៅមុខ (MFP) ចំនួន ៤៤នាក់ ដែលគាំទ្រច្បាប់នេះ។
ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពី ញត្តិដែលដាក់កាលពីខែកុម្ភៈដោយមេធាវី Theerayut Suwankesorn ដែលបានស្នើឱ្យតុលាការធម្មនុញ្ញបញ្ជាឱ្យ MFP បញ្ឈប់សកម្មភាពយុទ្ធនាការទាំងអស់ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។
ញត្តិនេះគឺផ្អែកលើសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញកាលពីថ្ងៃទី៣១ ខែមករា ដែលបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ MFP ក្នុងការកែប្រែច្បាប់ស្តីពី ការប្រមាថព្រះមហាក្សត្រ បង្កើតជាការប៉ុនប៉ងធ្វើឱ្យខូច ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
លោក Niwatchai បាននិយាយថា បច្ចុប្បន្នអ្នកស៊ើបអង្កេត NACC កំពុងស្ថិតក្នុងដំណើរការប្រមូលសេចក្តីថ្លែងការណ៍ និងប្រមូលភស្តុតាងសម្រាប់ការស៊ើបអង្កេត។ នៅពេលបញ្ចប់ លោកបាននិយាយថា សមាជិកសភាទាំង៤៤រូប នឹងត្រូវកោះហៅមកបំភ្លឺជុំវិញការចោទប្រកាន់នេះ ៕
ប្រែសម្រួលៈ ណៃ តុលា