ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាសថា ក្រុងកៀវនឹងបញ្ជូនកាំជ្រួច និងគ្រាប់រំសេវដែលមានតម្លៃ ១២៥លានដុល្លារ ដល់ទីក្រុងគៀវ ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

ក្រសួងការពារជាតិអាមេរិកបានកត់សម្គាល់កាលពីថ្ងៃសុក្រថា នេះគឺជាជំនួយលើកទី៦៣ហើយដែលផ្តល់ដល់អ៊ុយក្រែនចាប់តាំងពីខែសីហា ឆ្នាំ២០២១ ពោលគឺមានរយៈពេល ៦ខែមុនពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។

ដើម្បីជួយក្រុងកៀវបំពេញ តម្រូវការសន្តិសុខ និងការការពារដ៏សំខាន់ សហរដ្ឋអាមេរិកនឹងបញ្ជូនកាំជ្រួចប្រឆាំងយន្តហោះ Stinger ផង គ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំទំនើបHIMARSផងគ្រាប់កាំភ្លើងធំ 155mm និង 105mmផង Javelin, AT-4 និង TOW មីស៊ីលប្រឆាំងរថក្រោះផង អាវុធធុនតូចជាច្រើនផ្សេងទៀត។

បន្ថែមពីនេះកញ្ចប់ជំនួយយោធាទាំងនោះក៏រួមបញ្ចូលមានទាំងប្រព័ន្ធរ៉ាដាពហុបេសកកម្ម រថយន្តសង្គ្រោះបន្ទាន់ Humvee គ្រឿងបន្លាស់ សេវាកម្ម ការបណ្តុះបណ្តាល និងការដឹកជញ្ជូន។

ជំនួយយោធាពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារ ត្រូវបានបញ្ជូននៅចុងខែកក្កដាហើយយោងតាមតួលេខផ្ទាល់របស់មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោធាជាង៥៦,២ ពាន់លានដុល្លារដល់អ៊ុយក្រែនមកហើយចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២១៕

ប្រែសម្រួល៖ ស៊ុនលី

To Top