ព័ត៌មានអន្តរជាតិ

ថៃ៖ ប្រទះឃើញស្រ្តីជនជាតិឡាវម្នាក់ស្លាប់ក្នុងថ្លុកឈាម ជាមួយស្នាមអារបំពង់ក នៅក្នុងខុនដូ ជាន់ទី៥

បរទេស៖ ស្ត្រីជនជាតិឡាវម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក នៃបន្ទប់ខុនដូរបស់នាង ជាមួយនឹងរបួសស្នាមកាត់បំពង់កយ៉ាងជ្រៅ។ ប៉ូលិស​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា​ ស្រ្តីរូបនេះត្រូវគេសម្លាប់ ឬ​ក៏​ធ្វើ​អត្តឃាតខ្លួនឯងនោះទេ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក​វរសេនីយ៍ Damchaluai Samkanying អធិការរងប៉ូលិសប៉ុស្តិ៍ Nong Prue ត្រូវបានគេជូនដំណឹងប្រាប់នៅម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍អំពីការរកឃើញសាកសពនៅខុនដូក្នុង Soi Ban Noen Rot Fai ។

មន្ត្រីប៉ូលីស រួមដំណើរដោយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Bang Lamung និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ។ ក្នុង​បន្ទប់​ជាន់​ទី​៥ គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​អាយុ​ ២៨​ឆ្នាំ ​ម្នាក់​ដេក​ផ្កាប់មុខ​ក្នុង​ថ្លុក​ឈាម។ មាន​ការ​ដាច់យ៉ាង​ធំ​នៅ​ត្រង់បំពង់ក​របស់​នាង ដែល​ស្រប​នឹង​ការ​កាត់​ពី​វត្ថុ​មុតស្រួច។

ប៉ូលិស​បាន​ប៉ាន់​ស្មាន​ថា ស្រ្តីរងគ្រោះបាន​ស្លាប់​អស់​រយៈពេល ១២ម៉ោងមកហើយ។ ពួកគេ​ក៏​បាន​រក​ឃើញ​កាំបិត​ផ្ទះបាយ​ធំ​មួយ និង​កាំបិត​ចិតផ្លែឈើ​ស្រួច​ប្រវែង​ប្រហែល ១៥សង់ទីម៉ែត្រ ផងដែរ។

មិត្តភ័ក្តិ​របស់​អ្នក​ស្លាប់​បាន​ប្រាប់​ប៉ូលិស​ថា នៅ​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នាង​បាន​ទទួល​ទូរស័ព្ទ​ពី​បង​ស្រី​របស់​ស្ត្រី​នោះ​សុំ​ឱ្យ​ពិនិត្យ​មើល ព្រោះ​នាង​មិន​អាច​ទាក់​ទង​បាន​មួយ​រយៈមកហើយ។

មិត្តភ័ក្តិ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Nong អាយុ ២៥ឆ្នាំ​បាន​និយាយ​ថា​ ពេល​នាង​ទៅ​ដល់​ គឺខុន​ដូ​ទ្វារ​ត្រូវ​បាន​ចាក់សោ​ពី​ខាង​ក្នុង​។ មិត្តប្រុសជនជាតិចិនរបស់អ្នកស្លាប់ ដែលត្រូវបានគេស្គាល់ថាជា Chang អាយុ ៤២ឆ្នាំបានប្រាប់ប៉ូលីសថាមិត្តស្រីរបស់គាត់បានបណ្តេញគាត់ចេញពីបន្ទប់ ហើយថាគាត់មិនអាចចូលបានទេចាប់តាំងពីថ្ងៃពុធ។

អ្នកស្រី Nong បានជូនដំណឹងដល់អ្នកគ្រប់គ្រងខុនដូ មុនពេលជួលជាងដែកឲ្យបើកទ្វារ។ ពេល​ចូល​ទៅ​ដល់ បុរស​នោះ​ក៏​ស្ទុះ​ចេញ​ទាំង​ភ័យ​ស្លន់ស្លោ ដោយ​លាន់​មាត់​ថា “នាង​ស្លាប់​ហើយ” ។ នាង Nong បានទូរស័ព្ទទៅប៉ូលីសភ្លាមៗ ប៉ុន្តែលោក Chang បានចាកចេញពីកន្លែងកើតហេតុ៕

ប្រែសម្រួលៈ ណៃ តុលា

To Top