ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតសព្វាវុធយក្សរបស់អាល្លឺម៉ង់ ប្រកាសពីប្រាក់ចំណេញកើនស្ទើរទ្វេដងនៅក្នុងជម្លោះអ៊ុយក្រែន

បរទេស៖ Rheinmetall ដែលជាក្រុមហ៊ុនផលិតសព្វាវុធឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសថា ក្រុមហ៊ុនបានបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ស្ទើរតែទ្វេដងនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤ ហើយឥឡូវនេះមានកំណត់ត្រានៃការបញ្ជាទិញដែលមានតម្លៃជាង ៥០ ពាន់លានដុល្លារ។ ក្រុមហ៊ុនបាននិយាយថា ជម្លោះអ៊ុយក្រែន “បានធ្វើឱ្យដំណើរការអាជីវកម្មប្រសើរឡើងគួរឱ្យកត់សម្គាល់” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Dusseldorf បាននិយាយថា ការលក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះបានកើនឡើងមួយភាគបីដល់ ៣,៨ ពាន់លានអឺរ៉ូ (៤,១៤ ពាន់លានដុល្លារ) ខណៈដែលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៩១% ដល់ ៤០៤ លានអឺរ៉ូ (៤៤០ លានដុល្លារ) ។ សេចក្តីថ្លែងការណ៍នេះបានអួតថា ការបញ្ជាទិញរបស់ក្រុមហ៊ុនឥឡូវនេះមានតម្លៃ ៤៨,៦ពាន់លានអឺរ៉ូ (៥៣ពាន់លានដុល្លារ) ។

សេចក្តីថ្លែងការណ៍អានថា “អាជីវកម្មជាមួយកងកម្លាំងប្រដាប់អាវុធនៃប្រទេសអាល្លឺម៉ង់ និងប្រទេសជាដៃគូនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ រួមជាមួយនឹងជំនួយដល់អ៊ុយក្រែន បន្តធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវដំណើរការអាជីវកម្ម” ។

មុនពេលជម្លោះនៅអ៊ុយក្រែនចាប់ផ្តើម ការលក់គ្រឿងបន្លាស់សម្រាប់ឧស្សាហកម្មរថយន្តស៊ីវិលមានចំនួនច្រើនជាងមួយភាគបីនៃអាជីវកម្មរបស់ Rheinmetall ។ ទោះជាយ៉ាងណាក៏ដោយ ការលក់ស៊ីវិលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ខណៈពេលដែលតម្រូវការសម្រាប់ផលិតផលយោធារបស់ខ្លួន រួមទាំងរថក្រោះ រថពាសដែក កាំភ្លើងធំ និងប្រព័ន្ធការពារអាកាស បានផ្ទុះឡើង។

បច្ចុប្បន្នកំពុងសាងសង់រោងចក្រថ្មីមួយនៅរដ្ឋ Lower Saxony ដែលត្រូវបានគេរំពឹងថានឹងផលិតគ្រាប់កាំភ្លើងធំប្រហែល ១០០.០០០ គ្រាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំទីពីរនៃប្រតិបត្តិការរបស់ខ្លួនតទៅ។ នៅក្នុងខែឧសភា ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនមានបំណងផលិតកាំជ្រួច ៧០០.០០០ដើម នៅទូទាំងរោងចក្រទាំងអស់របស់ខ្លួននៅឆ្នាំក្រោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top