ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លុបចោលដំណើរទស្សនកិច្ចទៅកាន់អាស៊ីកណ្តាល និងម៉ុងហ្គោលី ដោយសារគ្រោះរញ្ជួយដី

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានលុបចោលគម្រោងធ្វើដំណើររយៈពេល ៤ថ្ងៃ របស់លោកទៅកាន់ប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងម៉ុងហ្គោលី ខណៈដែលប្រទេសជប៉ុនបានបង្កើនការត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយចំពេលមានការកើនឡើងហានិភ័យនៃការរញ្ជួយដី ដ៏ធំនៅក្នុងតំបន់ដ៏ធំមួយតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក។

ការវិវឌ្ឍន៍ចុងក្រោយបំផុតបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីណែនាំជាលើកដំបូងរបស់ខ្លួនអំពីប្រូបាប៊ីលីតេខ្ពស់ជាងធម្មតានៃការរញ្ជួយដីនៅជុំវិញទន្លេ Nankai Trough បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នៅភាគនិរតីរបស់ប្រទេស។

បន្ទាប់ពីបានចូលរួមក្នុងពិធីសន្តិភាពនៅទីក្រុងណាហ្គាសាគី ប្រារព្ធខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងនេះថា លោកបានលុបចោលការធ្វើដំណើរទៅបរទេសដើម្បី “ផ្តោតលើការឆ្លើយតបរបស់រដ្ឋាភិបាល និងការផ្សព្វផ្សាយព័ត៌មាន” ទាក់ទងនឹងការរញ្ជួយដី ដែលអាចកើតមាន។

លោកបានលើកឡើងថា “ក្នុងនាមជាមន្ត្រីកំពូលទទួលបន្ទុកគ្រប់គ្រងវិបត្តិរបស់ប្រទេស ខ្ញុំគួរតែស្នាក់នៅប្រទេសជប៉ុនយ៉ាងហោចណាស់ប្រហែលមួយសប្តាហ៍ ដើម្បីជាការប្រុងប្រយ័ត្នបន្ថែម” ខណៈដែលទីភ្នាក់ងារអាកាសធាតុ កំពុងអំពាវនាវដល់សាធារណជនឱ្យរៀបចំ សម្រាប់សេណារីយ៉ូបែបនេះ។

លោកគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលលើកដំបូងដែលមិនធ្លាប់មានរបស់ប្រទេសជប៉ុន ជាមួយបណ្តាប្រទេសអាស៊ីកណ្តាលដូចជា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន នៅទីក្រុងអាស្ដាណា រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន នៅយប់ថ្ងៃសុក្រ ហើយចេញសេចក្តីប្រកាសរួមមួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top