តូក្យូ៖ ណាហ្គាសាគី បានអំពាវនាវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក លើទីក្រុងមួយនេះ កាលពីថ្ងៃសុក្រ ក្នុងករណីអវត្តមានឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក និងរដ្ឋនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀតនៅក្នុងពិធីសន្តិភាពរបស់ខ្លួន បន្ទាប់ពីពួកគេបានដោះស្រាយបញ្ហាជាមួយនឹងការសម្រេចចិត្តរបស់ទីក្រុង ក្នុងការមិនអញ្ជើញអ៊ីស្រាអែលឲ្យចូលរួម។
នៅក្នុងសេចក្តីថ្លែងការណ៍សន្តិភាពដែលត្រូវបានផ្តល់ជូនក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ អភិបាលក្រុងលោក Shiro Suzuki បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលមានសក្តានុពលដោយសារតែការបង្កើនភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ខណៈពេលដែលមិននិយាយអំពីអ៊ីស្រាអែល ឬប៉ាឡេស្ទីនដោយផ្ទាល់។
លោកបានលើកឡើង “ចំពេលមានភាពមិនប្រាកដប្រជាអំពីពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងឈានដល់ទីបញ្ចប់ និងការកើនឡើងនៃការព្រួយបារម្ភអំពីការពង្រីកជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ានោះ បច្ចុប្បន្នយើងកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរជាមួយនឹងការកើនឡើងនូវលទ្ធភាពនៃការបាត់បង់នៃបទដ្ឋានសំខាន់ៗ ដែលយើងបានអនុលោមតាមរហូតមកដល់ពេលនេះ”។
លោកក៏បានអំពាវនាវដល់មេដឹកនាំនៃរដ្ឋ និងរដ្ឋដែលស្ថិតក្រោមឆ័ត្រនុយក្លេអ៊ែរ “ប្រឈមមុខនឹងការពិតដែលថា អត្ថិភាពនៃអាវុធនុយក្លេអ៊ែរបានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់មនុស្សជាតិ ហើយអ្នកត្រូវតែផ្លាស់ប្តូរយ៉ាងក្លាហានឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ”។
ភាពស្ងៀមស្ងាត់មួយបានកើតឡើងនៅម៉ោង ១១ព្រឹក ដែលជាពេលវេលាពិតប្រាកដដែលគ្រាប់បែកផ្លាតូនីញ៉ូម ដែលមានឈ្មោះកូដ “Fat Man” ត្រូវបានទម្លាក់ដោយយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ហើយបានផ្ទុះពេញទីក្រុងកំពង់ផែ ណាហ្គាសាគី ក្នុងឆ្នាំ១៩៤៥ ។ វានៅតែជាកន្លែងចុងក្រោយក្នុងពិភពលោក ដែលបានទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូ៕
ប្រែសម្រួល ឈូក បូរ៉ា