ព័ត៌មានអន្តរជាតិ

ប្រភពស៊ើបការណ៍ពីអ៊ឺរ៉ុបថា អ៊ីរ៉ង់​នឹង​បញ្ជូន​មី​ស៊ី​ល​ផ្លោង​រាប់រយ​គ្រាប់ ​ទៅ​ឱ្យ​រុ​ស្ស៊ី​ក្នុង​ពេល​ឆាប់​ៗ​នេះ

បរទេស៖ ប្រភពស៊ើបការណ៍ពីអ៊ឺរ៉ុបពីរបានប្រាប់ Reuters ថា បុគ្គលិកយោធារុស្ស៊ីជាច្រើននាក់កំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីប្រើប្រាស់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយជិត ប្រភេទ Fath-360 ប្រភពបន្ថែមថា ពួកគេរំពឹងថានឹងមានការបញ្ជូនអាវុធដឹកនាំដោយផ្កាយរណបរាប់រយទៅកាន់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា តំណាងក្រសួងការពារជាតិរុស្ស៊ីត្រូវបានគេជឿថា បានចុះកិច្ចសន្យានៅថ្ងៃទី១៣ ខែធ្នូ នៅទីក្រុង តេហេរ៉ង ជាមួយមន្ត្រីអ៊ីរ៉ង់សម្រាប់ប្រព័ន្ធ Fath-360 និងប្រព័ន្ធកាំជ្រួចផ្លោងមួយផ្សេងទៀតដែលផលិតដោយអង្គការឧស្សាហកម្មអវកាសដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឬហៅកាត់ថា Ababil ។ នេះបើតាមការឱ្យដឹងពីមន្ត្រី២រូបដែលសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីបញ្ហារសើបនេះ។

ដោយលើកឡើងពីប្រភពស៊ើបការណ៍សម្ងាត់ជាច្រើន ក្រុមមន្ត្រីបាននិយាយថា បុគ្គលិករុស្ស៊ីបានទៅទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីរៀនពីរបៀបដំណើរការប្រព័ន្ធការពារ Fath-360 ដែលបាញ់មីស៊ីលដែលមានចម្ងាយអតិបរមា ១២០គីឡូម៉ែត្រ និងក្បាលគ្រាប់ទម្ងន់ ១៥០គីឡូក្រាម។ ប្រភព​មួយ​បាន​និយាយ​ថា ជំហាន​បន្ទាប់​ដែល​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ការ​ហ្វឹកហ្វឺន​គឺ​ជា​ការ​បញ្ជូន​មី​ស៊ី​ល​ទៅ​ឱ្យ​រុ​ស្ស៊ី ។

អ្នកជំនាញយោធាបាននិយាយថា ទីក្រុងមូស្គូមានមីស៊ីលផ្លោងផ្ទាល់ខ្លួន ប៉ុន្តែការផ្គត់ផ្គង់ Fath-360 អាចអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ឃ្លាំងអាវុធរបស់ខ្លួនបន្ថែមទៀត សម្រាប់គោលដៅហួសពីសមរភូមិខាងមុខ ខណៈប្រើប្រាស់ក្បាលគ្រាប់អ៊ីរ៉ង់សម្រាប់គោលដៅចម្ងាយជិត៕

ប្រែសម្រួលៈ ណៃ តុលា

To Top