ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត ១០០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖ កាលពីព្រឹកថ្ងៃសៅរ៍នេះ ជនជាតិប៉ាឡេស្ទីនជាង ១០០នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែល ទៅលើសាលារៀនចំនួន ១កន្លែង នៅទីក្រុងហ្គាហ្សា ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀន Al-Taba’een បានផ្ដល់ជម្រកដល់ជនភៀសខ្លួនជាច្រើននាក់ដែលកំពុងធ្វើពិធីបួងសួងនាពេលព្រឹកព្រលឹម នៅគ្រាដែលមានការវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ដោយបន្ថែមទៀតថា ក្រុមវេជ្ជសាស្ត្រ ការពារជនស៊ីវិល ជំនួយសង្គ្រោះ និងសង្គ្រោះបន្ទាន់មិនអាចធ្វើបាននោះទេ ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន ឈ្មោះថា WAFA បានរាយការណ៍មកថា យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកមកលើសាលារៀនស្ថិតនៅភាគខាងកើតនៃទីក្រុង ហ្គាហ្សា ភាគខាងជើងនៃតំបន់ហ្គាហ្សា ស្ទ្រីប ដោយគ្រាប់រ៉ុក្កែតចំនួន៣ ហើយអ្នករបួសភាគច្រើនដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ahli Arab ក្នុងទីក្រុងគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហាម៉ាស់បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការសម្លាប់នេះ ហើយបានចាត់ទុកអ៊ីស្រាអ៊ែល និងរដ្ឋបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារមួយនេះ ។

ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីរដ្ឋបាលអាមេរិកបានប្រកាសផ្តល់ជំនួយយោធាចំនួន ៣,៥ពាន់លានដុល្លារ ដល់អ៊ីស្រាអ៊ែល ការវាយប្រហារនេះបានកើតឡើងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top