ព័ត៌មានអន្តរជាតិ

Update៖ បារំាង អំពាវនាវសុំឲ្យមានបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា

ប៉ារីស៖ វិមាន Elysee បានឲ្យដឹងកាលពីថ្ងៃសុក្រថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានអះអាងជាថ្មីនូវការគាំទ្ររបស់ប្រទេសបារាំង ចំពោះបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ក្នុងគោលបំណងដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ដើម្បីការការពារពលរដ្ឋហ្គាហ្សា និងការផ្តល់ជំនួយមនុស្សធម៌ជាទ្រង់ទ្រាយធំ ។

លោក Macron បានធ្វើការកត់សម្គាល់ទាំងនេះនៅក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi  និង Emir Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតា និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer ។

នៅក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទ លោក Macron និងមេដឹកនាំអារ៉ាប់ទាំង២ បានព្រមព្រៀងគ្នាក្នុងការបន្តធ្វើការឆ្ពោះទៅរកដំណោះស្រាយយូរអង្វែង និងគួរឱ្យជឿជាក់ចំពោះវិបត្តិដោយផ្អែកលើដំណោះស្រាយរដ្ឋ២ ។

មេដឹកនាំបារាំង បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការសហការជាមួយដៃគូរបស់ខ្លួនក្នុងសម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម និងសហគមន៍អន្តរជាតិដើម្បីកំណត់ក្របខ័ណ្ឌនយោបាយ ដែលនឹងស្តារសន្តិភាព និងសន្តិសុខក្នុងតំបន់ឡើងវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top