ព័ត៌មានអន្តរជាតិ

Update៖ បេឡារុស្ស បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមកពីអ៊ុយក្រែន

MINSK៖ កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានថ្លែងថា កងទ័ពអាកាស និងការពារដែនអាកាសរបស់ប្រទេសបេឡារុស្ស បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមកពីប្រទេសអ៊ុយក្រែន ដោយបានឆ្លងកាត់ព្រំដែនប្រទេសបេឡារុស្សកាលពីល្ងាចថ្ងៃសុក្រ។

ក្រុមសេវាសារព័ត៌មានរបស់ប្រធានាធិបតីបានសរសេរនៅលើបណ្តាញ Telegram ថា កងកម្លាំងអាកាស និងការពារជាតិ បានប្រកាសអាសន្នកម្រិតដំបូងកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីគោលដៅអាកាសរបស់អ៊ុយក្រែន បានចូលទៅក្នុងដែនអាកាសរបស់ប្រទេសខ្លួននៅព្រំដែនខាងកើតបេឡារុស្ស និងរុស្ស៊ី។

លោក Lukashenko បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថា ការស្វែងរកបំណែកនៃគោលដៅដែលត្រូវបានបំផ្លាញ បានចាប់ផ្តើមកាលពីយប់ថ្ងៃសុក្រ។ លោក Lukashenko បានបញ្ជាក់ថា គាត់សង្ស័យថា គោលដៅនោះ គឺជាយន្តហោះគ្មានមនុស្សបើកវាយប្រហារ។

លោក Lukashenko ក៏បានបង្ហាញឲ្យដឹងផងដែរថា យន្តហោះគ្មានមនុស្សបើកដែលនៅសេសសល់បានហោះហើរក្នុងទិសដៅនៅក្នុងប្រទេសរុស្ស៊ី ហើយព័ត៌មានដែលចែករំលែកដោយភាគីរុស្ស៊ី បានបង្ហាញថា គោលដៅទាំងនេះត្រូវបានបាញ់ទម្លាក់នៅជិតតំបន់ Yaroslavl Oblast របស់ប្រទេសរុស្ស៊ី៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top