បរទេស៖ ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានសម្រុកចូល បានដល់ចម្ងាយ ៣០គីឡូម៉ែត្រ នៅខាងក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ហើយដែលវាគឺជាការលុកលុយដ៏ជ្រៅបំផុត និងសំខាន់បំផុតចាប់តាំងពី ទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយ ពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានប៉ទង្គិច ជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈដែលការវាយលុកនៅក្នុងតំបន់ Kursk បានឈានចូលដល់ថ្ងៃទី៦ ទៅហើយ។
អ្នកនាំពាក្យក្រសួងការបរទេស Maria Zakharova បានចោទប្រកាន់ទីក្រុងគៀវអំពីបទ បំភិតបំភ័យប្រជាជនរុស្ស៊ី ដែលរស់នៅតាមតំបន់ទាំងនោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ដែលបានទទួលស្គាល់ ដោយផ្ទាល់នូវការវាយប្រហារនេះជាលើកដំបូង នៅក្នុងសុន្ទរកថាកាលពីយប់មិញ បាននិយាយថា ការវាយប្រហារឆ្លងព្រំដែនចំនួន២,០០០ ដងត្រូវបានចាប់ផ្តើមដោយប្រទេសរុស្ស៊ីពីទីក្រុង Kursk នៅរដូវក្តៅនេះ។
ទាហានអ៊ុយក្រែនបានអះអាងថា បានដណ្តើមយកការតាំងទីលំនៅជាច្រើនក្នុងតំបន់ Kursk។ នៅក្នុងភូមិ Guevo ដែលជាភូមិមួយដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រនៅក្នុងទឹកដីប្រទេសរុស្សីដោយក្នុងនោះ ទាហានបានថតដោយខ្លួនឯងបានដកទង់ជាតិរុស្ស៊ី ចេញពីអគាររដ្ឋបាលទៀតផង។
វិដេអូឃ្លីបក៏បានបង្ហាញផងដែរនូវទាហានអ៊ុយក្រែន បានរឹបអូសយកអគាររដ្ឋបាលនៅ Sverdlikovo និង Poroz ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Sudzha ដែលជាទីក្រុងដែលមានប្រជាជនប្រហែល ៥,០០០នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី