ឡុងដ៍៖ អាជ្ញាធរបានឲ្យដឹងថា សណ្តាប់ធ្នាប់សាធារណៈក្នុងចក្រភពអង់គ្លេស មានស្ថេរភាពឡើងវិញ បន្ទាប់ពីមានការតវ៉ាពីស្តាំនិយមដ៏ហឹង្សាជាច្រើនថ្ងៃ ប៉ុន្តែពួកគេបានព្រមានថា ឥទ្ធិពលនៃភាពចលាចល នឹងត្រូវទទួលបានរយៈពេលរាប់ខែ និងរាប់ឆ្នាំ។
លោក BJ Harrington ប្រធានក្រុមប្រឹក្សាអគ្គស្នងការ នគរបាលជាតិ (NPCC) បានឲ្យដឹងសម្រាប់សណ្តាប់ធ្នាប់សាធារណៈថា “ស្ថានភាពនៅក្នុងប្រទេស អង់គ្លេស ស្កុតឡេន និងវេលស៍ មានស្ថិរភាពខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ” ។
ទោះជាយ៉ាងណាក៏ដោយលោក Harrington បានព្រមានថាអៀរឡង់ខាងជើងនៅតែប្រឈមមុខនឹង “បញ្ហាប្រឈមសំខាន់ៗ” ។ មន្ត្រីប៉ូលិស ១០នាក់បានរងរបួសដោយសារការបំផ្ទុះដបសាំងអំឡុងពេលមានជម្លោះហិង្សានៅប្រទេសអៀរឡង់ខាងជើង កាលពីរសៀលថ្ងៃសៅរ៍។
ការតវ៉ាពីស្តាំនិយមបានធ្វើឱ្យកក្រើកប្រទេសចាប់តាំងពីចុងខែកក្កដា ដែលបង្កឡើងដោយការវាយប្រហារដោយកាំបិតនៅ Southport ភាគពាយព្យនៃប្រទេសអង់គ្លេស ដែលបានបណ្តាលឲ្យកុមារ បីនាក់ស្លាប់។ កុបកម្មបាននាំឱ្យមានរបួសក្នុងចំណោមមន្ត្រីប៉ូលិស ការលួចយកទ្រព្យសម្បត្ដិក្នុងហាងមួយចំនួន និងការវាយប្រហារលើសណ្ឋាគារលំនៅឋានអ្នកស្វែងរកសិទ្ធិជ្រកកោនជាដើម។
អាជ្ញាធរជឿថា ចំណុចរបត់មួយបានលេចឡើងកាលពីថ្ងៃពុធ ដោយសារវត្តមានប៉ូលិសដ៏ច្រើននៅក្នុងទីក្រុង និងទីប្រជុំជន និងចំណាត់ការរបស់តុលាការយ៉ាងឆាប់រហ័សប្រឆាំងនឹងក្រុមកុប្បកម្ម។
ប៉ូលីសចក្រភពអង់គ្លេស បានត្រៀមលក្ខណៈសម្រាប់ការត្រលប់មកវិញនៃកុបកម្ម ដែលអាចធ្វើទៅបាននៅចុងសប្តាហ៍នេះ ដោយសារការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ថ្មី និងសីតុណ្ហភាពកើនឡើង ប៉ុន្តែវាបានប្រែក្លាយទៅជាមានសន្តិវិធី លើកលែងតែការតវ៉ាខាងស្តាំជ្រុលតូចៗដែលផ្ដាច់ខ្លួនមួយចំនួន៕
ប្រែសម្រួល ឈូក បូរ៉ា