ដាម៉ាស់៖ ការផ្ទុះជាបន្តបន្ទាប់បានកក្រើកតំបន់មួយនៅជិតតំបន់ Golan Heights ដែលចាតំបន់កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាស៊ីរី ដោយគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ Tel Al-Jabiya នៃខេត្ត Daraa ភាគខាងត្បូងប្រទេស។
ក្រុមអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ផ្សែងហុយចេញពីកន្លែងកើតហេតុ ហើយរថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ទីតាំងនោះជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយការវាយប្រហារនេះ គឺជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើទឹកដីស៊ីរី។
យោងតាមក្រុមសង្កេតការណ៍ អ៊ីស្រាអែលបានបើកការវាយប្រហារចំនួន ៥៩ លើកលើទឹកដីស៊ីរីចាប់តាំងពីដើមឆ្នាំនេះ ដែលក្នុងនោះ ៤២ គឺជាការវាយប្រហារតាមអាកាស និង ១៧ លើកជាការវាយប្រហារបានកំណត់គោលដៅ និងបំផ្លាញទីតាំងចំនួន ១២២ រួមទាំងឃ្លាំងអាវុធ ទីបញ្ជាការយោធា និងរថយន្ត។
ក្រុមអ្នកសង្កេតការណ៍បានកត់ត្រាការស្លាប់របស់បុគ្គលិកយោធា ១៧៨ នាក់ និងរបួស ១០៣នាក់ផ្សេងទៀត ជាលទ្ធផលនៃការវាយប្រហារទាំងនេះ។ បន្ថែមពីលើនេះ ជនស៊ីវិល ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនេះ នេះបើយោងតាមក្រុមសង្កេតការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា