ព័ត៌មានអន្តរជាតិ

វៀតណាម និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់នឹងការ ឈ្លានពានរបស់ទីក្រុងប៉េកាំង

AFP

បរទេស ៖ សមយុទ្ធរួមគ្នារបស់ទីក្រុងហាណូយ ជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង និងការខិតខំប្រឹងប្រែង ដើម្បីកំណត់ និងរក្សាព្រំដែនទឹក ជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការឈ្លានពាន របស់ទីក្រុងប៉េកាំង នៅក្នុងដែនទឹក ដែលមានការប្រកួតប្រជែង យ៉ាងក្តៅគគុក, នេះបើយោងតាមក្រុមអ្នកវិភាគ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រ វៀតណាម បានមកដល់ទីក្រុង ម៉ានីល ហើយកាលពីថ្ងៃទី ៥ ខែសីហា សម្រាប់ដំណើរទស្សនកិច្ច ប្រកបដោយសុច្ឆន្ទៈរយៈពេល ៤ ថ្ងៃ និងដើម្បីធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ។ លោក Ray Powell នាយកមជ្ឈមណ្ឌល Gordian Knot នៃសកលវិទ្យាល័យ Stanford បាននិយាយថា ទោះបីជាប្រទេសទាំងពីរ មានជម្លោះទឹកដីនៅ ក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្ម និងសន្តិសុខ ដ៏សំខាន់ក៏ដោយ វាជាផលប្រយោជន៍ របស់ប្រទេសទាំងពីរក្នុង ការធ្វើការជាមួយគ្នា ។

លោកបានសរសេរទៅកាន់ VOA តាមរយៈវេទិកាផ្ញើសារ WhatsApp នៅថ្ងៃទី ១១ ខែសីហាថា “ទាំងទីក្រុងហាណូយ និងទីក្រុងម៉ានីលទទួលស្គាល់ថា ខណៈដែលការទាមទារ ត្រួតស៊ីគ្នារបស់ពួកគេគឺជាបញ្ហា មានតែទីក្រុងប៉េកាំង ប៉ុណ្ណោះដែលមានមធ្យោបាយ និង ចេតនាច្បាស់លាស់ ក្នុងការអនុវត្តការ ទាមទារ របស់ខ្លួន” ។ “ពួកគេបានសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ ក្នុងការគ្រប់គ្រង ជម្លោះទ្វេភាគី របស់ពួកគេប្រកប ដោយភាពស្និទ្ធស្នាល ដើម្បីឱ្យពួកគេអាចផ្តោតលើការគំរាមកំហែង ដ៏ធំធេងដែលបង្កឡើងដោយប្រទេសចិន”។

ដឹកនាំគណៈប្រតិភូឆ្មាំសមុទ្រ របស់វៀតណាមទៅកាន់ទីក្រុងម៉ានីល លោកវរសេនីយ៍ឯក Hoang Quoc Dat បាននិយាយក្នុងសុន្ទរកថាថា ការចូលសំចតនៅកំពង់ផែគឺជាមធ្យោបាយដើម្បីពង្រឹង “ទំនាក់ទំនងដើម្បីផលប្រយោជន៍ ទៅវិញទៅមក” របស់ប្រទេស ហើយនឹងជួយ “ការអភិរក្ស និងការពារសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រក្នុងតំបន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top