កាទូមៈ រដ្ឋាភិបាលស៊ូដង់ បានប្រកាសពីការបញ្ចប់ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអាមេរិកលើកិច្ចចរចាសន្តិភាពនៅក្រុងហ្សឺណែវនាពេលខាងមុខ ដោយគ្មានកិច្ចព្រមព្រៀង។
លោក Mohamed Bashir Abdullah Abu Nammu រដ្ឋមន្ត្រីក្រសួងរ៉ែ និងជាប្រធានគណៈប្រតិភូរដ្ឋាភិបាលស៊ូដង់ ក្នុងការពិគ្រោះយោបល់ដែលធ្វើឡើងនៅទីក្រុងអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា “ខ្ញុំប្រកាសពីការបញ្ចប់ការពិគ្រោះយោបល់ដោយគ្មានកិច្ចព្រមព្រៀងលើការចូលរួមរបស់គណៈប្រតិភូស៊ូដង់ ក្នុងការចរចានៅទីក្រុងហ្សឺណែវ” ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។
លោករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសារបង្ហោះលើ Facebook ថា “ទីបំផុតបញ្ហា គឺត្រូវទុកអោយការសម្រេចរបស់អ្នកដឹកនាំ ដោយផ្អែកលើការវាយតម្លៃរបស់វា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីស៊ូដង់បានឲ្យដឹងដោយមិនផ្តល់ព័ត៌មានបន្ថែមថា មានព័ត៌មានលម្អិតជាច្រើនដែលនាំឲ្យមានការសម្រេចចិត្តនេះ។ មុននេះ សហរដ្ឋអាមេរិក បានអញ្ជើញកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) សម្រាប់កិច្ចចរចាសន្តិភាពថ្មីមួយនៅថ្ងៃទី១៤ ខែសីហា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចពិភាក្សានាពេលខាងមុខមានគោលបំណងឈានទៅដល់ការបញ្ឈប់អំពើហិង្សាទូទាំងប្រទេស បើកលទ្ធភាពមនុស្សធម៌ដល់អ្នកដែលខ្វះខាត និងបង្កើតយន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដ៏រឹងមាំ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀង៕
ប្រែសម្រួល ឈូក បូរ៉ា