បរទេស៖ ក្រុមហាម៉ាស់និយាយថា ទាហានរបស់ខ្លួនបានសម្លាប់ចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលម្នាក់ និងធ្វើឱ្យរបួសពីរនាក់ទៀត ខណៈសេតវិមានអាមេរិក បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺអាចនឹងកើតមាន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ពួកសកម្មប្រយុទ្ធហាម៉ាស លោក Abu Obaida បានស្តីបន្ទោសការសម្លាប់នេះ ដោយឆ្មាំយាមចំណាប់ខ្មាំងលើ អ្វីដែលគាត់បាននិយាយថា ជា “ការសម្លាប់រង្គាល” របស់អ៊ីស្រាអែលលើប៉ាឡេស្ទីន។ គាត់បាននិយាយថា ចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែលពីរនាក់ បានរងរបួសនៅក្នុងឧប្បត្តិហេតុ ដាច់ដោយឡែកមួយ។
ដំណឹងនេះកើតឡើងនៅពេលដែល អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានព្រមានថា អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត ត្រូវតែត្រៀមខ្លួនសម្រាប់ “អ្វីដែលអាចជាការវាយប្រហារដ៏ធំ” ពីប្រទេសអ៊ីរ៉ង់ឆាប់ៗ “ក្នុងសប្តាហ៍នេះ” ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យនាវា USS Georgia ដែលជានាវាមុជទឹកផ្ទុកដោយមីស៊ីលនាំផ្លូវ ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ហើយបានប្រាប់ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ឱ្យពន្លឿនការធ្វើដំណើររបស់ខ្លួនទៅកាន់តំបន់។
នៅពេលសួរថាតើការប្រកាសអំពី នាវាមុជទឹកគឺជាសារមួយទៅកាន់ ប្រទេសអ៊ីរ៉ង់ឬយ៉ាងណា លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ ឧត្តមសេនីយ Pat Ryder បាននិយាយថា “ជាការពិត”៕
ប្រែសម្រួលៈ ណៃ តុលា