តូក្យូ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន គ្រោងនឹងបើកវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ ដើម្បីបង្កើតបច្ចេកវិទ្យាការពារជាតិប្រកបដោយភាពច្នៃប្រឌិត ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គ្រាមនាពេលអនាគត ដោយទាញយកអ្នកជំនាញពីវិស័យឯកជន។
វិទ្យាស្ថានដែលគ្រោងនឹងដាក់ឱ្យដំណើរការជាមួយបុគ្គលិកប្រហែល ១០០នាក់នៅអគារពាណិជ្ជកម្ម Ebisu Garden Place ត្រូវបានយកគំរូតាមទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ឬ DARPA ដែលល្បីល្បាញ សម្រាប់តួនាទីឈានមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដូចជាអ៊ីនធឺណិត និង GPS ជាដើម។
វិទ្យាស្ថាននេះក៏កំពុងទទួលយកវិធីសាស្រ្តស្រដៀងគ្នាទៅនឹងអង្គភាពច្នៃប្រឌិតការពារជាតិរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបម្រើការជាស្ពានរវាងមន្ទីរបញ្ចកោណ និងវិស័យឯកជន។
ដោយហៅកាត់ថា វិទ្យាស្ថានបច្ចេកវិទ្យានវានុវត្តន៍ការពារជាតិ ជាបណ្តោះអាសន្ន សមាជិកពាក់កណ្តាលនៃអង្គការជប៉ុន នឹងមកពីខាងក្រៅក្រសួង ដូចជាក្រុមហ៊ុន និងសាកលវិទ្យាល័យជាដើម។
ក្រសួងគ្រោងនឹងជួលអ្នកជំនាញក្នុងវិស័យសំខាន់ៗ រួមមាន បញ្ញាសិប្បនិម្មិត វិស្វកម្មមនុស្សយន្ត និងភាគល្អិតបឋម ជាអ្នកគ្រប់គ្រងកម្មវិធីដែលទទួលខុសត្រូវលើការរចនា និងការគ្រប់គ្រងគម្រោង។
ខណៈពេលដែលកំពុងធ្វើការដើម្បីបង្កើតបច្ចេកវិទ្យាការពារជាតិថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ វិទ្យាស្ថានក៏នឹងផ្តោតលើ “ការស្រាវជ្រាវរបកគំហើញ” ផងដែរ ក្នុងគោលបំណងដាក់ពង្រាយឧបករណ៍ថ្មីក្នុងរយៈពេលប្រហែល ៣ឆ្នាំ ដោយបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ដែលមានស្រាប់៕
ប្រែសម្រួល ឈូក បូរ៉ា