វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានឲ្យដឹងថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចសន្យាមួយកាលពីថ្ងៃចន្ទ ដើម្បីផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត M903 ចំនួន ៤៨គ្រឿង សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលរចនាដោយសហរដ្ឋអាមេរិក។
យោងតាមកិច្ចព្រមព្រៀងដែលមានតម្លៃ ១,២៣ ពាន់លានដុល្លារអាមេរិក កាំជ្រួចដែលគ្រោងនឹងផលិតនៅរោងចក្រដែក Stalowa Wola ក្នុងប្រទេសប៉ូឡូញ ត្រូវបានគេរំពឹងថា នឹងប្រគល់ទៅឱ្យកងទ័ពប៉ូឡូញនៅចន្លោះឆ្នាំ២០២៧ និងឆ្នាំ២០២៩។
កាលពីថ្ងៃសុក្រ ប្រទេសប៉ូឡូញបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការទិញកាំជ្រួច AIM-120C AMRAAM រាប់រយគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែមុន ក្រសួងការពារជាតិប៉ូឡូញ បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់កម្ចីដល់ប្រទេសប៉ូឡូញចំនួន ២ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិ សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់អាមេរិក។
ប្រទេសប៉ូឡូញបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា