តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងបង្ហាញឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Pezeshkian បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការដកចេញនូវឧបសគ្គនានា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេស អ៊ីរ៉ង់ និងរដ្ឋអឺរ៉ុប ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ មានចំណាប់អារម្មណ៍ ក្នុងការអភិវឌ្ឍទំនាក់ទំនង ជាមួយបណ្តាប្រទេសអឺរ៉ុបទាំងអស់ រួមទាំងប្រទេសអាល្លឺម៉ង់ ដោយផ្អែកលើមិត្តភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
លោកបានលើកឡើងថា ការរក្សា និងការកែលម្អសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក គឺជាគោលនយោបាយដ៏សំខាន់របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយចោទប្រកាន់អ៊ីស្រាអែល ពីការបន្ត “ឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍” របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ការរំលោភលើសន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងបង្កើតបញ្ហា ប្រឈមយ៉ាងធ្ងន់ធ្ងរ សម្រាប់សន្តិសុខក្នុងតំបន់ និងសន្តិភាពពិភពលោក លោក Pezeshkian បានអំពាវនាវឱ្យបណ្តាប្រទេស នៅអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ ដើរតួយ៉ាងមានប្រសិទ្ធភាព ក្នុងការបញ្ឈប់ការប្រល័យ ពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
លោកបានបន្ដថា អ៊ីរ៉ង់តែងតែចាត់ទុកខ្លួនឯងជាកាតព្វកិច្ច ដើម្បីគោរពតាមច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ។ លោកបានបន្ថែមថា ខណៈពេលដែលអ៊ីរ៉ង់ស្វាគមន៍ ការលើកកម្ពស់អន្តរកម្មជាមួយប្រទេសទាំងអស់ ហើយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចានោះ ខ្លួននឹងមិនចុះចាញ់នឹងសម្ពាធ ការដាក់ទណ្ឌកម្ម ការបង្ខិតបង្ខំ និងការឈ្លានពាន ហើយរក្សាសិទ្ធិក្នុងការឆ្លើយតប ចំពោះអ្នកឈ្លានពានតាមច្បាប់អន្តរជាតិ។
ចំណែកលោក Scholz បានអបអរសាទរលោក Pezeshkian ក្នុងការបោះឆ្នោតរបស់លោកជាប្រធានាធិបតីអ៊ីរ៉ង់ ហើយបានលើកឡើងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា