បរទេស ៖ លោក សេដ្ឋា ថាវីស៊ីន គឺមិនអាចធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះបានទេ ប្រសិនបើគាត់ត្រូវបានដកចេញ ពីតំណែងនៅថ្ងៃពុធ ដោយតុលាការ ធម្មនុញ្ញ ជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់គាត់ ក្នុងការតែងតាំងអតីតទណ្ឌិត លោក Pichit Chuenban ជារដ្ឋមន្ត្រីខុទ្ទកាល័យ។ នេះបើតាមលោក Wissanu Krea-ngam ទីប្រឹក្សានាយករដ្ឋមន្ត្រីបានលើកឡើង ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Wissanu អតីតឧបនាយករដ្ឋមន្ត្រី និងជាអ្នកជំនាញផ្នែកច្បាប់ បាននិយាយថា ប្រសិនបើតុលាការសម្រេច ដកលោក សេដ្ឋា ថាវីស៊ីនចេញពីតំណែង នោះគណៈរដ្ឋមន្ត្រី ក៏នឹងដកតំណែង ដោយស្វ័យប្រវត្តិដែរ ។
លោក Wissanu បានបន្តថា ប្រសិនបើលោក សេដ្ឋា ថាវីស៊ីន បាត់បង់ការងារ , ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ។
ការអត្ថាធិប្បាយនេះខុសពីសេចក្តីថ្លែងការណ៍ដែលបានរាយការណ៍មុននេះ ដោយក្នុងនោះលោកបានបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន អាចកាន់តួនាទីនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រសិនបើលោកត្រូវបានដកចេញពីតំណែង។
នៅពេលសួរថាតើលោក សេដ្ឋា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ អាចត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី ប្រសិនបើតុលាការធម្មនុញ្ញ សម្រេចប្រឆាំងនឹងរូបលោកនោះ លោក Wissanu មាននិយាយថា៖ «ខ្ញុំជឿថា គាត់អាចធ្វើបាន ប៉ុន្តែយើងត្រូវរង់ចាំសេចក្តីសម្រេច របស់តុលាការ ៕
ប្រែសម្រួលៈ ណៃ តុលា