ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា វាជារឿងចាំបាច់ក្នុងការអនុវត្ត រាល់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដើម្បីទទួលបានសន្តិភាពយូរអង្វែង និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
លោក ពូទីន បានធ្វើការកត់សម្គាល់ទាំងនេះ នៅពេលកំពុងជួបជាមួយប្រធានាធិបតី ប៉ាឡេស្ទីន ម៉ាម៉ូដ អាបាស នៅក្នុងទឹកដីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់ នូវគ្រោះមហន្តរាយមនុស្សធម៌ ដែលកើតឡើងនៅប៉ាឡេស្ទីន ជាមួយនឹងការឈឺចាប់ និងការព្រួយបារម្ភយ៉ាងខ្លាំង ដោយលោកបានបន្ថែមថា ប្រទេសនេះតែងតែតស៊ូមតិ សម្រាប់ការដោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាប៉ាឡេស្ទីន។
លោកពូទីន បានលើកឡើងថា “យើងជឿជាក់ថា ដើម្បីទទួលបាន សន្តិភាពយូរអង្វែង និងស្ថិរភាពនៅក្នុងតំបន់ វាជាការចាំបាច់ក្នុងការអនុវត្តរាល់ ដំណោះស្រាយរបស់អង្គការ សហប្រជាជាតិ ដោយការបង្កើតរដ្ឋប៉ាឡេស្ទីនពេញលេញជាអាទិភាព”។
លោក អាបាស បានថ្លែងអំណរគុណ ដល់ប្រទេសរុស្ស៊ី សម្រាប់ការគាំទ្ររបស់ខ្លួន ហើយបានកត់ សម្គាល់ថា ប៉ាឡេស្ទីន នឹងមិនទទួលយកការ ធ្វើនិរទេសខ្លួន របស់ប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សា វេសបែង និង យេរ៉ូសាឡឹម នោះឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា