ម៉ូស្គូ៖ រុស្ស៊ី បាននឹងកំពុងប្រឈមមុខ នឹងការបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីទឹកដីរបស់ខ្លួន ខណៈដែលប្រជាជន រុស្ស៊ីរាប់ម៉ឺននាក់ នៅតាមតំបន់ព្រំដែន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការវាយលុកថ្មីរបស់អ៊ុយក្រែន។

កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ២៨នៅក្នុងតំបន់ នេះបើយោងតាមលោក Alexei Smirnov អភិបាលស្តីទីក្នុងតំបន់។
អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ជនស៊ីវិល ១២នាក់បានស្លាប់ និង ១២១នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារ របស់អ៊ុយក្រែនលើតំបន់ Kursk នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
តំបន់ព្រំដែន Belgorod របស់រុស្ស៊ី ក៏បានចាប់ផ្តើមផ្លាស់ប្តូរទីលំនៅ របស់អ្នកស្រុក របស់ខ្លួននៅក្នុងស្រុក Krasnoyaruzhsky ទៅកាន់កន្លែង មានសុវត្ថិភាពជាងមុន ចំពេលមានសកម្មភាពយោធា កើនឡើងនៅជិត ព្រំដែនអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់ថា អ៊ុយក្រែន កំពុងអនុវត្ត “ប្រតិបត្តិការ” នៅក្នុងតំបន់ ដោយបន្ថែមថា ការវាយលុករបស់ទីក្រុងគៀវ ចូលទៅក្នុងទីក្រុង Kursk គឺជាបញ្ហាសន្តិសុខ សម្រាប់អ៊ុយក្រែន ហើយទីក្រុងគៀវ បានដណ្តើមយកតំបន់ ពីកន្លែងដែលរុស្ស៊ី បានធ្វើការវាយប្រហារ។
ការវាយប្រហារ របស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន “ការឆ្លើយតបដ៏សក្តិសម” នេះបើតាមការអះអាង របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែន ដោយបន្ថែមថា ភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
