ម៉ូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន “ការឆ្លើយតបដ៏សក្តិសម” ជាមួយនឹងភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការដកកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រតិបត្តិការមួយ តាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “ខ្មាំងសត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។
កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ២៨ នៅក្នុងតំបន់ នេះបើយោងតាមលោក Alexei Smirnov អភិបាលស្តីទីក្នុងតំបន់។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា អ៊ុយក្រែនកំពុងអនុវត្ត “ប្រតិបត្តិការ” នៅក្នុងតំបន់ខាងលើ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ឲ្យដឹងថា “មេបញ្ជាការកងទ័ពលោក Oleksandr Syrsky បានរាយការណ៍អំពីសកម្មភាពការពាររបស់យើងនៅផ្នែកខាងមុខ និងប្រតិបត្តិការរបស់យើងនៅក្នុងតំបន់ Kursk ក្នុងទឹកដីរុស្ស៊ី” ។
មេដឹកនាំអ៊ុយក្រែនក៏បានឲ្យដឹងផងដែរថា លោកបានណែនាំសេវាសន្តិសុខរបស់ប្រទេស រដ្ឋមន្ត្រីមហាផ្ទៃលោក Ihor Klymenko និងមន្ត្រីផ្សេងទៀតឱ្យរៀបចំផែនការមនុស្សធម៌ សម្រាប់តំបន់នៃ “ប្រតិបត្តិការ” របស់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា