បរទេស៖ សមាជិកគណបក្សភឿថៃ និងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឆៃកាសឹម នីតិសិរី (Chaikasem Nitisiri) បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ហើយក៏បានច្រានចោលពីរបាយការណ៍ អំពីសុខភាពរបស់គាត់ផងដែរ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឆៃកាសឹម នីតិសិរី ដែលមានវ័យ ៧៥ ឆ្នាំ សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍ គឺបានផ្តល់បទសម្ភាសន៍ដល់កម្មវិធី “ទិដ្ឋភាពនយោបាយ” នៅលើស្ថានីយ៍ទូរទស្សន៍ Thai PBS ដោយនិយាយថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបំពេញកាតព្វកិច្ចរបស់គាត់ ប្រសិនបើសភាគាំទ្រ។
លោកបានកត់សម្គាល់ថា គណបក្សភឿថៃបានជូនដំណឹងដល់លោកថា គណបក្សនឹងតែងតាំងលោក ជាបេក្ខជននាយករដ្ឋមន្ត្រីទី៣១ ក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងសភា នៅថ្ងៃសុក្រនេះ។
លោក ឆៃកាសឹម អតីតអគ្គព្រះរាជអាជ្ញា ក្រោមការដឹកនាំរបស់លោកស្រី Yingluck Shinawatra បានទទូចថា សុខភាពរបស់លោកនឹងមិនរារាំង ដល់សមត្ថភាពបម្រើរបស់លោកទេ បើទោះបីជាលោកបានទទួលការវះកាត់ បញ្ហាកកឈាមក៏ដោយ។ លោកបានសម្រាកព្យាបាលនៅ មន្ទីរពេទ្យពេលធ្វើយុទ្ធនាការនៅខេត្ត Nan កាលពីខែមេសា ឆ្នាំមុន ប៉ុន្តែបានជាសះស្បើយបន្ទាប់ពីព្យាបាលអស់រយៈពេល ៣ ខែ ដោយមិនមានការព្រួយបារម្ភអំពីសុខភាពឡើយ។
លោកបានថ្លែងថា ភាពច្បាស់លាស់គឺត្រូវការទាក់ទងនឹង ការតែងតាំងដោយសារភាព មិនប្រាកដប្រជាខាងនយោបាយបច្ចុប្បន្ន។ ការគាំទ្រពីគណបក្សចម្រុះផ្សេងទៀតក៏សំខាន់ដែរ បើទោះជាលោកបានរាយការណ៍ថា មិនមានគណបក្សប្រឆាំងមកទល់ពេលនេះ។
គណបក្សភឿថៃបានបើកកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចរវាងលោក ឆៃកាសឹម និងមេដឹកនាំគណបក្ស លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា អាយុ ៣៧ ឆ្នាំជាបេក្ខជនចុងក្រោយរបស់ពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា