កាប៊ុល៖ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ថា ក្រុមតាលីបង់ត្រូវបានគេចាត់ទុកនៅក្នុងតំបន់ដូចនឹង “រដ្ឋាភិបាលដែលទទួលស្គាល់” របស់អាហ្វហ្គានីស្ថាន។
ការកត់សម្គាល់នេះបានធ្វើឡើង ទោះបីជាគ្មានប្រទេសណាមួយបានទទួលស្គាល់ជាផ្លូវការថា ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថាន ភាគច្រើនដោយសារតែគោលនយោបាយ គាបសង្កត់លើស្ត្រី។
ទោះជាយ៉ាងណាក៏ដោយ របបតាលីបង់ បានបង្កើនការចូលរួមរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ដូចជាតាមរយៈការចូលរួមសន្និសីទដែលដឹកនាំដោយអង្គការសហប្រជាជាតិ ស្តីពីអាហ្វហ្គានីស្ថានកាលពីដើមឆ្នាំនេះ។
លោក Muttaqi បានប្រាប់កាសែតក្យូដូជប៉ុន កាលពីថ្ងៃអង្គារនៅទីក្រុងកាប៊ុលថា “ការចូលរួមរបស់យើងជាមួយបណ្តាប្រទេសក្នុងតំបន់គឺស្ថិតនៅលើកម្រិត (a) ពោលគឺ រដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់” ប៉ុន្តែលោកបានកត់សម្គាល់ថា តើប្រទេសណាមួយនឹងទទួលស្គាល់ជាសាធារណៈពួកតាលីបង់ថា ជារដ្ឋាភិបាលស្របច្បាប់នោះ គឺជាបញ្ហានយោបាយជាង។
ដោយមិនធ្វើអត្ថាធិប្បាយថាតើក្រុមតាលីបង់ មានគម្រោងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា សម្រាប់ក្មេងស្រី ឬអត់នោះ លោករដ្ឋមន្ត្រីបានរិះគន់សហគមន៍អន្តរជាតិថា បានប្រើប្រាស់បញ្ហានេះជា “ឧបសគ្គ” សម្រាប់ការទទួលស្គាល់ជាផ្លូវការ។
ចាប់តាំងពីក្រុមតាលីបង់ ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ ការរឹតបន្តឹងផ្សេងៗត្រូវបានដាក់លើសិទ្ធិស្ត្រី ក្នុងការធ្វើដំណើរ សិក្សា និងធ្វើការដោយសេរី រួមទាំងអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ហើយការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា សម្រាប់ក្មេងស្រីត្រូវបានផ្អាក៕
ប្រែសម្រួល ឈូក បូរ៉ា