ព័ត៌មានអន្តរជាតិ

ភរិយាអតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ឈរឈ្មោះនៅតុលាការ តំណាងសេដ្ឋីរុស្សី ករណីលុយ១៦ ពាន់លានដុល្លារ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Vedomosti រាយការណ៍ថា លោកស្រីCherie Blair ភរិយារបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កំពុងតំណាងឱ្យមហាសេដ្ឋីរុស្ស៊ី Mikhail Fridman ដែលត្រូវបានដាក់ទណ្ឌកម្មនៅក្នុងការតស៊ូផ្លូវច្បាប់របស់គាត់ជាមួយប្រទេសលុចសំបួលើទ្រព្យសម្បត្តិដែលបង្កកមានតម្លៃរាប់ពាន់លានដុល្លារ។

កាសែតរុស្ស៊ីបានរាយការណ៍ដោយដកស្រង់ឯកសារផ្លូវច្បាប់ថាលោកស្រី Blair កំពុងធ្វើសកម្មភាពជំនួសពាណិជ្ជកររុស្សីរូបនេះនៅក្នុងបណ្តឹងជុំវិញការសម្រេចចិត្តរបស់រដ្ឋក្នុងការបង្កកទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងគាត់នាពេលកន្លងមក។

ស្ថាបនិកក្រុមហ៊ុន Alfa Group ដែលជាក្រុមហ៊ុនវិនិយោគឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី បានដាក់ពាក្យប្តឹងអាជ្ញាកណ្តាលអន្តរជាតិប្រឆាំង នឹងប្រទេសលុចសំបួរកាលពីថ្ងៃអង្គារដើម្បីស្វែងរកសំណងជិត១៥ ពាន់លានអឺរ៉ូឬត្រូវជា១៦ពាន់លានដុល្លារ។

លោក​បាន​អះអាង​ថា លោក​បាន​រង​ការ​ខាត​បង់​យ៉ាងខ្លាំង ​បន្ទាប់​ពី​ប្រទេស​លុចសំបួ​បាន​អនុវត្ត​ទណ្ឌកម្ម​ដែល​​មិន​ច្បាស់លាស់​និង​គ្មាន​មូលដ្ឋាន ​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​លោក។

យោងតាមការបញ្ជាក់ដោយមហាសេដ្ឋីរូបនេះ ការដាក់ទណ្ឌកម្មប្រឆាំងនឹងគាត់គឺដោយសារតែភាពជាពលរដ្ឋរុស្ស៊ីរបស់គាត់ និងជោគជ័យក្នុងអាជីវកម្មតែប៉ុណ្ណោះ ហើយលោក​បាន​ថ្កោលទោស​ទង្វើ​នេះ​ ថា​ជារឿង​អយុត្តិធម៌​ធ្ងន់ធ្ងរនិង​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top